ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យជាមេក្លោង ២នាក់រួមនិងថ្នាំញៀនចំនួន ៧១កញ្ចប់ត្រូវបានកម្លាំងនគរបាលស្រុកត្បូងឃ្មំុឆ្មក់ចាប់ខ្លួនបាននៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះឈ្មោះ ណៃ បូរី ក្នុងភូមិជប់ទី១ ឃុំជប់ ស្រុក-ខេត្តត្បូងឃ្មុំ។
លោក ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មំុបានបញ្ជាក់ឲ្យដឹងថា ករណីនេះកម្លាំងសមត្ថកិច្ចនគរបាលស្រុកបានឆ្មក់ចាប់ខ្លួនមេក្លោងជួញដូរថ្នាំញៀន ដែលទើបដោះលែងពីពន្ធនាគារ ឈ្មោះ អៀង វ៉ាន់ណូ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ និងឈ្មោះ ណៃ បូរី ហៅកូយ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជប់ទី១ ឃុំជប់ ស្រុកត្បូងឃ្មំុ ក្នុងខណៈពេលដែលពួកគេកំពុងដោះដូរថ្នាំញៀននៅក្នុងផ្ទះ ។
លោកបន្តថា ជាមួយនិងការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានដកហូូតនូវម្សៅក្រាមពណ៍ស សង្ស័យថ្នាំញៀន បានចំនួន ៧១កញ្ចប់ (ធំ៣ តូច៦៨កញ្ចប់) និងជញ្ជីងអេឡិចត្រូនិច១ ឧបករណ៍ប្រើប្រាស់ និងសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័ជាមុខសញ្ញាទាំង២នាក់ត្រូវបានសមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំកំពុងសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕
ដោយ៖ វណ្ណៈ