ភ្នំពេញ៖ នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាកឡិកស៊ីស RX350 បត់ឆ្វេង មិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូគៀបជាប់ក្រោមរថយន្ត តែមិនបណ្ដាលអោយអ្នកបើកម៉ូតូមិនរងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពានអាកាស ៥មករា ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីស្រស់ស្អាតម្នាក់បើក រថយន្តសេរីទំនើបម៉ាកឡិកស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 5665 បើកដោយនារីវ័យក្មេងស្រស់ស្អាតម្នាក់បើករថយន្តមួយគ្រឿង តាមបណ្តោយផ្លូវគីមអ៊ីលស៊ុង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចក្រោមស្ពានអាកាស៥មករា ដែលជាចំណុចហាមឃាត់ មិនអោយរថយន្ដ ឬម៉ូតូបត់ឆ្វេង តែរថយន្តបានបត់ឆ្វេង មិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1P 3572 ដែលកំពុងតែបើកស្របទិសគ្នា បណ្តាលអោយម៉ូតូគៀបជាប់ក្រោមរថយន្ត ចំណែកអ្នកជិះម៉ូតូលូនចេញពីក្រោមរថយន្តរួច មិនបណ្តាលអោយរងរបួសធ្ងន់នោះទេ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខ ។
ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវពេលឃើញហេតុការណ៍គ្រោះចរាចរណ៍ដូច្នេះបាននាំគ្នារិះគន់ថា មានរថយន្តទំនើប បើក និងថែមទាំងនៅក្មេងស្រស់ស្អាតផង បែរជាបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកទាំងបំពាន ល្មើសច្បាប់ សំណាងល្អហើយដែលគ្រាន់តែរងរបួសស្រាល ហើយក៏ជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ដែលម្ចាស់ម៉ូតូនៅពីក្រោមរថយន្តទៅហើយបែរជារងរបួសស្រាលទៅវិញនោះ ។
តែដោយខាងភាគីបើកបររថយន្តយល់ដឹងអំពីកំហុសរបស់ខ្លួន ដែលបានបើករថយន្តបំពាន និងល្មើសច្បាប់ផងនោះ ក្រោយពេលកើតហេតុ ភាគីខាងរថយន្ដបានសងថ្លៃខូចខាតចំនួន100ដុល្លារ ទៅអោយម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ហើយខាងភាគីម៉ូតូជនរងគ្រោះដោយមិនចង់មានរឿងវែងឆ្ងាយ ក៏សុខចិត្តទទួលយកសំណងជាប្រាក់ចំនួន100$ទៅជួសជុលម៉ូតូ និងដោយមិនចង់រំខានដល់សមត្ថកិច្ចផងដែរ ៕
ដោយ៖ ព្រែកជ័យ