ប្រទេសថៃ៖ បុរសជនជាតិថៃម្នាក់ដែលថ្លើមធំហ៊ានចាប់ស្ត្រីខ្មែរដែលមានប្តី និងមានទាំងកូនទៅហើយនោះ រុញបញ្ចូលក្នុងរថយន្តដឹកយកទៅរំលោភយ៉ាងព្រៃផ្សៃជាទីបំផុត ត្រូវបានក្រុមតម្រួតថៃប្រចាំស្រុកខ្លងលឹក តាមប្រមាញ់និង ឃាត់ខ្លួនបានកាលពីវេលាម៉ោង២ រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ខណៈដែលជននេះកំពុងសម្ងំបង្ខាំងនារីរងគ្រោះនៅក្នុងទីតាំងរីសតមួយកន្លែងក្នុងខេត្តស្រះកែវ ប្រទេសសៀម ។
កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០នាទីយប់ ត្រង់ចំនុចផ្លូវសាលាដែង ខាងក្រោយហាង អឹម អឹម ស្ថិតក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានជនមិនស្គាល់មុខចំនួនពីរនាក់បានបើករថយន្តម៉ាក អ៊ីស៊ុយស៊ុយ ព៌ណស មកចាប់ស្ត្រីម្នាក់ឈ្មោះជ័យ សុផន អាយុ២៧ឆ្នាំ ជាជនជាតិខ្មែរ រស់នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដែលបច្ចុប្បន្នទៅរស់នៅក្នុងផ្សាររោងក្លឿ ប្រទេសថៃជាមួយនឹងស្វាមីឈ្មោះ សាន់ វិទូអាយុ២៧ឆ្នាំដូចគ្នា ដោយមានកូនម្នាក់អាយុ៦ឆ្នាំ ខណៈដែលនាងកំពុងឈប់សំចតរឺម៉កម៉ូតូដើម្បីលក់ប្រហិតចៀន និងភេសជ្ជៈ ដោយទាញដៃបញ្ចូលទៅក្នុងរថយន្តហើយបើកចេញទៅបាត់ស្រមោល ។
បន្ទាប់ពីស្វាមីរបស់នាងបានដាក់ពាក្យប្តឺងនៅស្ថានីយ៍តម្រួតថៃប្រចាំស្រុកខ្លងលឹករួចមក ទើបនៅរសៀលថ្ងៃទី៤ ខែឧសភា ជនសង្ស័យត្រូវបានឃាត់ខ្លួន ដោយកំលាំងបាននាំនារីរងគ្រោះមកជាមួយផងដើម្បីសាកសួរ នៅក្នុងស្ថានីយ៍តម្រួត ប៉ុន្តែដោយសារតែនាងមានការភ័យខ្លាចខ្លាំងពេក ទើបសមត្ថកិច្ចសម្រេចបញ្ជូននាងទៅកាន់ស្នាក់ការកុងស៊ុលកម្ពុជា ប្រចាំខេត្រស្រះកែវដើម្បីសាកសួរពីដំណើរដើមទង ។
ស្ថិតនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉ាយុ អាក់សន ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិ៦ ឃុំថងមង្គល ស្រុកបាងសៈផាន ខេត្តប្រាក់ជួប មានមុខរបរបើកហាងកាត់កញ្ចក់គ្រប់ប្រភេទ ដោយគេបានសារភាពថា ករណីនេះគឺមិនមែនជាការចាប់រំលោភនោះទេ តែនេះគឺនាងស្មគ្រ័ចិត្ត និងពេញចិត្តទៅដោយខ្លួនឯង(Sic) ។
បុរសជនសង្ស័យរូបនេះបានរំលឹកថា រូបគេបានស្គាល់នាងទើបតែមួយរយៈខ្លីប៉ុណ្ណោះ កាលដែលរូបគេមកកាត់កញ្ចក់នៅក្នុងស្រុកអារញ្ញ ហើយកាលណោះនាងបានទៅលក់ប្រហិតចៀននៅទីនោះ ដោយសារតែរូបសម្ផស្សរបស់នាងបានធ្វើអោយការស្រលាញ់របស់ខ្លួនកាន់តែមានទំហំធំឡើងៗ បើទោះបីជាគេបានដឹងថានាងមានស្វាមី និងកូនតូចយ៉ាងណាក៏ដោយ ក៏មិនអាចទប់ចិត្តមិនអោយស្រលាញ់បានឡើយ ទើបនៅទីបំផុតក៏សម្រេចចិត្តនាំមិត្តភក្តិទៅនាំនាងមកកាន់ទីតាំងរីសតមួយកន្លែងក្នុងស្រុកខ្លងហាត ទឹកដីសៀម ។
ជាមួយគ្នានេះដែរ នាង ជ័យ សុផន បានឆ្លើយបំភ្លឺដល់សមត្ថកិច្ច និងកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវថា ជនសង្ស័យខាងលើបានចាប់នាងរុញបញ្ចូលឡាន ហើយបើកចូលទៅក្នុងទីតាំងរីសតមួយកន្លែង ដោយបានចាប់បង្ខំនាងដើម្បីរំលោភរហូតបានសម្រេច ដែលក្នុងនោះមានទាំងបក្ខពួកចំនួន៣នាក់ផង ដោយមានការគំរាមនាងថែមទៀត ដូច្នេះហើយបានជានាងសុខចិត្តទ្រាំខាំមាត់ ដើម្បីបានជួបមុខស្វាមី និងកូនសម្លាញ់ស្មើកែវភ្នែក ។
បុរសជាស្វាមីស្រ្តីរងគ្រោះ ឈ្មោះ សាន់ វិទូ បានត្រឹមតែឱបកូនបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ ក្រោយពីបានឮសម្តីភរិយារបស់ខ្លួននិយាយថា នាងត្រូវបានគេចាប់រំលោភរួចមក ដោយមិនដឹងថា តើត្រូវជួយនាងតាមវិធីណា ។ នៅពេលនោះដែរ ក្រុមតម្រួតថៃបានចោទប្រកាន់ទៅលើជនសង្ស័យចំនួនពីរបទល្មើស គឺបទបង្ខាំងមនុស្សខុសច្បាប់ និងបទរំលោភសេពសន្ថវៈ យ៉ាងព្រៃផ្សៃនោះ ។
អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ក៏បានសំណូមពរដល់សមត្ថកិច្ចថៃអោយធ្វើយ៉ាងណាដាក់ទោសទណ្ឌដល់ជនសង្ស័យដែលបានចាប់រំលោភស្ត្រីខ្មែរយ៉ាងសាហាវយង់ឃ្នងបែបនេះ ហើយស្ត្រីរងគ្រោះក៏បានបញ្ជូនចូលមកក្នុងទឹកដីកម្ពុជាវិញហើយ ហើយជនសង្ស័យនឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយឡែកចំពោះសំណងរដ្ឋប្បវេណី គេមិនទាន់ដឹងថា តើតុលាការសម្រេចទាមទាអោយជនរងគ្រោះប៉ុន្មាននោះឡើយ ព្រោះនៅពេលនេះជនសង្ស័យហាក់គ្មានការតក់ស្លុតអ្វីបន្តិចឡើយ ៕
ដោយ៖ ថាច់ យ៉ាត