ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដោយមានការអមដំណេីរពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលរងក្រុង នាព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២នេះ បានចុះពិនិត្យមេីលការរៀបចំសួនច្បារច្រាំងតាបុលបន្ថែមជាប់នឹងកំណាត់ផ្លូវជាតិលេខ១ និងពិនិត្យលេីវឌ្ឍភាពផ្សេងៗទៀតដែលជាចក្ខុវិស័យរបស់រដ្ឋបាលខេត្តក្នុងការអភិវឌ្ឍឱ្យមានការរីកចម្រេីន។
បើតាម លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឱ្យដឹងថា ការអភិវឌ្ឍឥតឈប់ឈរក្រោមការដឹកនាំរបស់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានកែប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ចឱ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនរកសុីនៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសក្នុងទឹកដីក្រុងស្វាយរៀង មានទាំងតំបន់សេដ្ឋកិច្ចពិសេស ផ្លូវថ្នល់ធំទូលាយ សួនច្បារមាត់ទន្លេដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់ សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ សេវាកម្មល្អ គួរជាទីគយគន់កម្សាន្ត។
លោកបានបន្តថា ក្នុងនាមលោកអភិបាលក្រុងនិងរដ្ឋបាលក្រុងស្វាយរៀងទាំងមូលនឹងបន្តខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលឱ្យបានខ្លាំងក្លាបន្តទៀត ព្រមទាំងអនុវត្តការរៀបចំសណ្តាប់ធ្នាប់នៅក្រុងស្វាយរៀងឱ្យមានរបៀបរៀបរយល្អ និងរួមគ្នាថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍដែលកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៑ុន សែន នាយករដ្ឋមន្ត្រីដែលបានប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
សូមបញ្ជាក់ថា ទោះបីជាជំងឺកូវីដ-១៩បានរីករាលដាលជាសកល តែខេត្តស្វាយរៀងនៅតែបន្តការងារអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដោយថ្មីៗនេះរោងចក្រជាច្រើនបានបើកដំណើរការ ជាពិសេសរោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ ត្រូវបានដំណើរការផលិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូ នៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងផងដែរ៕
ដោយ៖ សុថាន