ក្រុម Real Madrid នឹងត្រូវឡើងទៅជួបក្រុម Atletico Madrid មកពីប្រទេសអេស្ប៉ាញដូចគ្នា នៅវគ្គផ្តាច់ព្រាត់នៃកម្មវិធី Champions League ក្រោយពួកគេយកឈ្នះលើក្រុម Manchester City របស់អង់គ្លេសដោយលទ្ធផល ១-០ ក្នុងជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រាត់។
កីឡាករ Gareth Bale របស់ Real Madrid បានបោះបាល់កាត់ទៅមិត្តរួមក្រុម តែប៉ះនឹងខ្សែបម្រើអន្តរជាតិប្រេស៊ីល Fernando បណ្តាលឲ្យបាល់ចូលលើក្រុម Man City របស់ខ្លួននៅនាទីទី២០។ លទ្ធផលនេះធ្វើក្លិប Real Madrid ជាអ្នកឡើងទៅវគ្គផ្តាច់ព្រាត់ដោយពួកគេមានលទ្ធផល ០-០ កាលពីជើងទី១ក្នុងទឹកដីរបស់ក្លិប Manchester City ។
ខ្សែការពារក្លិប Real Madrid កីឡាករ Sergio Ramos បាននិយាយក្រោយការប្រកួតចប់ថា «យើងបានឡើងទៅវគ្គផា្តច់ព្រាត់ម្តងទៀតហើយ។ វាមិនមែនជាការងាយស្រួលឡើយសម្រាប់យើង។ យើងធ្លាប់បានឈ្នះជើងឯកនេះជាច្រើនដងហើយ យើងនឹងឈ្នះវាម្តងទៀត»។
Atletico Madrid នឹងត្រូវប៉ះជាមួយនឹងក្រុម Real Madrid មកពីប្រទេសអេស្ប៉ាញដូចគ្នា នៅក្នុងវគ្គផ្តាច់ព្រាត់ដែលធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងទីក្រុង Milan របស់អ៊ីតាលី។ ក្រុមទាំងពីនេះធ្លាប់ជួបគ្នាវគ្កផ្តាច់ព្រាត់ដូចគ្នាកាលពីឆ្នាំ២០១៤ ក្នុងប្រទេសព័រទុហ្គាល់ ដោយក្លិប Real Madrid យកឈ្នះលើក្រុម Atletico Madrid ដោយលទ្ធផល៤-១នៅម៉ោងបន្ថែម។
ចំណែកលោក Diego Simeone គ្រូបង្វឹករបស់ក្រុម Atletico Madrid ធ្លាប់បានថ្លែងថាក្រុមរបស់គាត់បានទំលាក់ ក្រុមខ្លាំង២ក្នុងចំណោម៣ក្រុមកំពូលរបស់ពិភពលោក។ ពួកគេបានទំលាក់ក្រុមខ្លាំង Barcelona និង Bayern Munich ។
លោក Diego Simeone បាននិយាយថា «វាពិតជាអស្ចារ្យណាស់ដែលបានឆ្លងទៅវគ្គផ្តាច់ព្រាត់។ វាមិនមែនជាការងាយស្រួលទេដែលបានទម្លាក់ក្រុមខ្លាំង២ក្នុងចំណោមក្រុមខ្លាំងទាំង៣របស់ពិភពលោកបែបនេះ»៕
ដោយ៖ សារីម