ភ្នំពេញ៖ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋចំនួន៤០គ្រួសារ នៅក្នុងសហគមន៍អណ្តូងតាអៀង ស្ថិតក្នុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដើម្បីសម្រាលការលំបាកដល់ ជីវភាពរស់នៅ ។
សកម្មភាពមនុស្សធម៌នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនេះ ដឹកនាំដោយលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ រួមជាមួយចៅសង្កាត់ និងយុវជនសង្កាត់ជាច្រើននាក់ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៤០គ្រួសារ នៅក្នុងសហគមន៍អណ្តូងតាអៀង ។
លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាល បានឲ្យដឹងថា អំណោយដែលអនុសាខាកាកបាទកាកបាទក្រហមខណ្ឌ នាំយកមកចែកជូននាពេលនេះ រួមមានៈ អង្ករ១ប៉ាវ មី១កេស , ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ , ទឹកត្រី ១យួរ , ទឹកសុទ ១កេស និងឃីត ១ឈុត ( មុង១ ភួយ១ សារុង១ ក្រមា១) ឃីត១កញ្ចប់ និងថវិកា ៣ម៉ឺនរៀលផងដែរ ហើយនេះជាអំណោយដ៏ថ្លៃថ្លៃថ្លារបស់សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។
ដោយឡែកលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងជាប្រធាគណៈកម្មាធិការអនុសាខាកាកវាទក្រហមខណ្ឌ បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ដូច្នេះថា អនុវត្តតាមគោលការ របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជានិច្ចជាកាល និងមានការណែនាំបន្ថែមពីប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ អនុសាខាកាកបាទក្រហមខណ្ឌបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទីទ័លក្រអត់ទីពឹង ពលរដ្ឋងាយរងគ្រោះ ជនរងគ្រោះ ថ្នាក់ ដោយធម្មជាតិ អ្នកផ្ទុកមេរោគអេដស៍ ដោយបានផ្តល់ជាអំណោយ សង្គ្រោះបន្តបន្ទាប់ទៅតាមលទ្ធភាព ហើយអំណោយដែលយកមកចែកជូននៅពេលនេះមួយផ្នែកបានមកពីសប្បុរសជន និងមួយផ្នែកទៀតបានមកពីរួមចំណែករបស់គណៈអភិបាលខណ្ឌដែលតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ។ ថ្វីត្បិតតែអំណោយទាំងនេះមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនតែបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានមួយរយៈពេល យ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌក៏ជាអនុសាខាកាកបាទក្រហមខណ្ឌ និងខិតខំគៀងគរស្វែងរកជំនួយពីសប្បុរសជនបន្ថែមទៀត ដើម្បីជួយឧបត្ថម្ភសម្រាលការលំបាកដល់បងប្អូនដែលមានជីវភាពខ្វះខាតទីទ័លក្រ ។
លោកអភិបាលខណ្ឌបានបន្តថា អ្វីដែលសំខាន់សូមបងប្អូនខិតខំរកស៊ីទទួលទានប្រចាំថ្ងៃទៅតាមអ្វីដែលអាចធ្វើបានតែសូមកុំរកស៊ីមុខរបរណាដែលខុសច្បាប់ និងមិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះឡើយ ដើម្បីទ្រទ្រង់ជីវភាពឲ្យបានប្រសើរឡើង ។
ជាមួយគ្នានេះដែរលោក អភិបាលខណ្ឌបានធ្វើការផ្ដាំផ្ញើរកុំឲ្យបងប្អូនប្រជាពលរដ្ឋជឿតាមការញុះញ៉ុងបញ្ចុះបញ្ចូលរបស់បុគ្គលមួយចំនួនដែលដើរឃោសនាអូសទាញបងប្អូនឲ្យទៅចូលរួមធ្វើបាតុកម្ម នេះជាល្បិចកលពិសពុលបំផុត… មិនជួយគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បែរជាយកប្រជាពលរដ្ឋទៅធ្វើជាឈ្នាន់នយោបាយទៅវិញ ៕
ដោយ៖ សណ្តោស
...