សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតជាគោលការណ៍ ឲ្យរើសយកពេលចន្លោះពី៦០ថ្ងៃ ទៅ៩០ថ្ងៃ សម្រាប់ម្ចាស់រថយន្តអត់ពន្ធចង្កូតស្តាំចូលបង់ពន្ធ ខណៈនីតិវិធីកំពុងប្រជុំសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ យ៉ាងដូច្នេះថា «យើងកំពុងគិតគូរ ប៉ុន្តែមានចំណាររបស់សម្ដេចតេជោរួចហើយ ក្នុងរង្វង់ចន្លោះពី៦០ថ្ងៃ ទៅ៩០ថ្ងៃ ការអនុគ្រោះការអនុញ្ញាតនេះ គឺមានរយៈពេលប៉ុណ្ណឹង ហើយយើងនឹងពិភាក្សាគ្នា សុំគោលការណ៍សម្រេច ពីលោកឧបនាយករដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជ្រើសរើសយក៩០ថ្ងៃ ឬ៦០ថ្ងៃ ដោយពិនិត្យមើលគ្រប់កត្តាពាក់ព័ន្ធទាំងអស់»។

អគ្គនាយកដ្ឋានគយ បានបញ្ជាក់ផងដែរថា ការផ្ដល់ឲ្យនេះមិនមែនក្នុងចំណោម២៥៤៧គ្រឿងនោះទេ គឺផ្ដល់ឲ្យអ្នកដែលអត់ទាន់បានប្រកាស គឺអ្នកកាន់កាប់រថយន្តចង្កូតស្ដាំ ហើយដែលមិនប្រកាស ត្រឹមថ្ងៃទី៣០ ខែមិថុនា ដែលជាឱសានវាទចុងក្រោយ នៃការអនុវត្តយុទ្ធនាការប្រមូលពន្ធអាករ លើរថយន្តមានស្រាប់ក្នុងប្រទេស។

លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានគយ កំពុងតែរៀបចំនីតិវិធី និងយុទ្ធនាការលម្អិតក្នុងការអនុវត្ត ហើយនឹងមានការផ្សព្វផ្សាយ ឬសេចក្ដីជូនដំណឹងនៅពេលឆាប់ៗ អាចថាល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នឹងមាននីតិវិធីលម្អិត ពីរយៈពេលដែលអនុញ្ញាតឲ្យបំពេញកាតព្វកិច្ចពន្ធអាករ សម្រាប់រថយន្តចង្កូតស្ដាំ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ឲ្យ។

បន្ថែមពីនោះទៀត លោកបណ្ឌិត គុណ ញឹម បានលើកឡើងថា «កាលណាដាក់៩០ថ្ងៃ វាមានហានិភ័យយ៉ាងដូចម្ដេច និងដាក់៦០ថ្ងៃ មានហានិភ័យយ៉ាងដូចម្ដេច ប៉ុន្ដែសម្តេចតេជោ ហ៊ុន សែន បានផ្តល់គោលការណ៍ឲ្យជ្រើសរើស ដើម្បីឲ្យអ្នកប្រតិបត្តិជ្រើសរើសយក៦០ថ្ងៃ ឬ៩០ថ្ងៃ។ លោកថា បើយក៩០ថ្ងៃ ដល់យើងរឹតបន្តឹង ធ្វើយ៉ាងណានៅតាមព្រំដែន កុំឲ្យមានការរត់ពន្ធមកទៀត បើសិនណាយើងទប់ស្កាត់បាន នឹងអាចកំណត់អត្តសញ្ញាណរថយន្ត ចង្កួតស្ដាំដែលមានស្រាប់នៅក្នុងប្រទេសឲ្យមកបង់ពន្ធ ហើយទៅក្រសួងសាធារណ ការធ្វើផ្លាកលេខ ដើម្បីបើកបរទៅស្របច្បាប់»។

សូមបញ្ជាក់ថា លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតជាគោលការណ៍ អនុគ្រោះឲ្យរថយន្ដចង្កូតស្ដាំ ដែលមានស្រាប់ នៅក្នុងប្រទេសកម្ពុជា អាចមកបង់ពន្ធចន្លោះពី៦០ថ្ងៃ ទៅ៩០ថ្ងៃ ខណៈដែលការសម្រេចរយៈពេលពិតប្រាកដ អគ្គនាយកដ្ឋានគយ កំពុងប្រជុំពិនិត្យសម្រេចជ្រើសរើស។

ការគូសបញ្ជាក់បែបនេះ របស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទីចាត់កណ្តាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំ ចូលបង់ដោយមិនបាច់កែចង្កូតនេះ សម្រាប់តែរថយន្តកំពុងមានវត្តមាននៅកម្ពុជា ត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ តែរថយន្តនាំចូលថ្មី មិនអនុញ្ញាតឲ្យបង់ពន្ធនោះទេ គឺចាប់យកតែម្តង។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវសុំកុំឲ្យមានការនាំរថយន្តចង្កូតស្តាំ ចូលមកប្រទេសកម្ពុជាបន្តទៀត។

ចំពោះការសម្រេចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យមន្ត្រីគយ ក៏ដូចជាកម្លាំងសមត្ថកិច្ចតាមព្រំដែនត្រូវស្តាប់ឲ្យច្បាស់ គឺមិនត្រូវឲ្យមានការបន្លំយករថយន្តចង្កូតស្ដាំថ្មីៗចូលមកកម្ពុជា ដើម្បីចូលបង់ពន្ធនោះទេ។ សម្តេចបញ្ជាក់ថារថយន្តចង្កូតស្តាំអត់ពន្ធ មានតែលួចនាំចូលតាមព្រំដែនថៃប៉ុណ្ណោះ។

គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបាន ដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print