ភ្នំពេញ : នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពសមាសភាពក្រុមប្រឹក្សាសង្កាត់អូរបែកក្អម អណត្តិទី៥។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៣២៦៩ ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការទទួលស្គាល់ក្រុមប្រឹក្សា សង្កាត់អូរបែកក្អម ចំនួន១១រូប ដែលមានប្រធានក្រុមប្រឹក្សាសង្កាត់១រូប គឺលោក យឹម រ័ត្ន និងសមាជិកក្រុមប្រឹក្សាចំនួន១០រូប និងទទួលស្គាល់លោក យឹម រ័ត្ន ជាចៅសង្កាត់អូរបែកក្អម ទទួលស្គាល់ លោកស្រី អ៊ូ សុីណាត ជាចៅសង្កាត់រងទី១ ទទួលស្គាល់ លោក ប៊ុន ខេត ជាចៅសង្កាត់រងទី២ ។
ថ្លែងក្នុងមតិណែនាំ និងផ្តាំផ្ញើ លោកអភិបាលខណ្ឌបានលើកឡើងថា៖ ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវ ដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗ នានារបស់រដ្ឋបាលសង្កាត់ នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយសំណើរ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ ដើម្បីធានាបាននូវប្រសិទ្ធិភាពការផ្តល់សេវានានានៅមូលដ្ឋាន បញ្ហារគន្លឹះសំខាន់គឺ ការបំពេញតួនាទីភារកិច្ចតួអង្គស្នូលចំនួន០៥គឺ ១. ចៅសង្កាត់ ២.ស្មៀនសង្កាត់ ៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ៤.សេវាសុខភាព ៥.មេភូមិ ។ ដូចឆ្នេះស្នើអោយតួអង្គទាំង៥ខាងលើ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីរបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបទក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនទំនុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តអោយស្របច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។
ការបោះឆ្នោតតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បានប្រគួតប្រជែងរួចហើយ បន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ នៃលទ្ធផលបោះឆ្នោត បេក្ខជនជាប់ឆ្នោតមកពីគណបក្សនយោបាយនានា និងក្លាយជាក្រុមប្រឹក្សា ជាអាជ្ញាធរសាធារណៈ ដែលមានកាត្វកិច្ចផ្លូវច្បាប់តំណាងអោយប្រជាពលរដ្ឋ ដែលត្រូវការពារ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់ៗរូប គឺមិនតំណាងអោយតែប្រជាពលរដ្ឋដែលគាំទ្រគណបក្សខ្លួននោះឡើយ។ ហេតុនេះសមាជិកក្រុមប្រឹក្សាមកពីគណបក្សផ្សេងៗគ្នា ត្រូវខិតខំរួមសាមគ្គី សហការធ្វើការរួមគ្នា ប្រកបដោយទំនួលខុសត្រូវ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមិនត្រូវរើសអើង បែកចែកពណ៌សម្បុរ រឺនិន្នាការនយោបាយនោះឡើយ។ ឈរលើមូលដ្ឋាននេះ ស្នើសុំដល់ក្រុមប្រឹក្សាអាណត្តិថ្មី គណបក្សនយោបាយនានា និងប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំ រួមគ្នាលើកម្ពល់វប្បធម៌ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរស់នៅ និងបំពេញការងាររួមគ្នា ប្រកបដោយភាពសុខដុមរមនាក្នុងសង្គម ដើម្បីធានាចីរភាពដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោត និងការអភិវឌ្ឍអោយកាន់តែរីចម្រើនបន្ថែមទៀត។
ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាសង្កាត់នេះ មានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ លោកនាយករដ្ឋបាលខណ្ឌ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ សមាជិកក្រុមប្រឹក្សាអណត្តិចាស់ អណត្តិថ្មី ប្រធានភូមិ អនុប្រធានភូមិ តំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងក្រុមប្រឹក្សាសង្កាត់ សង្គមសុីវិល គណៈកម្មាធិការនានារបស់សង្កាត់ ពិធីប្រកាសនេះធ្វើឡើងនៅភូមិទ្រុងមាន់ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕
ដោយ : សិលា