ភ្នំពេញ ៖ ជនសង្ស័យមានគ្នា២នាក់បានប្រើដាវសាម៉ូរ៉ៃធ្វើសកម្មភាពកាប់យុវជនម្នាក់២នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនិងស្រាល បំណងប្លន់យកម៉ូតូZoomer X តែមិនបានសម្រេច ហើយជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយឡែកជនសង្ស័យក៏ត្រូវកម្លាំងអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនបានភ្លាមៗផងដែរ ។ ក្នុងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧នឹង៤០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្បែរបណ្ណាគារសន្តិភាព មុខស្ថានទូចវៀតណាម តាមបណ្តោយផ្លូវព្រះមុន្នី កែងនឹងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
បើតាមមន្រ្តីអាវុធហត្ថខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ដែលត្រូវបានជនសង្ស័យកាប់ប្លន់នោះ ទី១មានឈ្មោះ តូច ពេជ្រជីវ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ( របួសក្បាលនិងខ្នង ស្រាល ) ទី២ ឈ្មោះ សៀង មករា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅក្នុងខណ្ឌច្បារអំពៅ ( របួសធ្ងន់ធ្ងរ ) អ្នកទាំង២រៀនថ្នាក់ទី១០ នៃវិទ្យាល័យបឹងកេងកង ។ ចំណែកឯជនសង្ស័យដែលឃាត់ខ្លួនបាន ទី១ មានឈ្មោះ ម៉ាក់ ធារក្សា អាយុ១៦ឆ្នាំស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ( ជនដៃដល់ ) និងទី២ឈ្មោះ លឹម វីរះ អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ អ្នកទាំង២រៀនថ្នាក់ទី១០ នៃវិទ្យាល័យទួលទំពូង ។
ជនរងគ្រោះឈ្មោះ តូច ពេជ្រជីវ៉ា ដែលជាម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេជាមួយនឹងមិត្តភ័ក្រ្ត បាននាំគ្នាចូលផឹកតែគុជក្បែរវិទ្យាល័យទួលទំពូង ពេលផឹករួច គេក៏បានជិះម៉ូតូម៉ាក Zoomer X ពណ៍ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1DC-3056 បំណងឌុបមិត្តភ័ក្រ្តទៅផ្ទះវិញនៅច្បារអំពៅ ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូនិច ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-2436 បើកមកបំបុកឱ្យដួល ហើយបានដកដាវសាម៉ូរ៉ៃធ្វើសកម្មភាពកាប់ចិញ្ច្រាំមកលើពួកគេតែម្តង បណ្តាលគេរងរបួសបែកក្បាល និងខ្នង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ។ ប្រភពដដែលបានបន្តថា ពេលនោះខ្លួនបានស្រែកឆោឡោឡើងថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាមកជួយ ហើយពេលនោះកម្លាំងអាវុធហត្ថខណ្ឌចំការមន ក៏បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានភ្លាមៗផងដែរ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ។
ក្រោយមកជនសង្ស័យទាំង២នាក់ត្រូវកម្លាំងអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនយកទៅសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ចូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ជីម ភារ៉ា ដង្កោ