អ្នកនាំពាក្យ ៖ ការប្រមាថរបស់លោក សុន​ ឆ័យ មកលើ គ.ជ.ប មិនអាចសុំទោសបានទេ

ចែករំលែក៖

(ភ្នំពេញ)÷អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក សោម សូរីដា បានមានប្រសាសន៍ នៅរសៀលថ្ងៃទី ១២ ខែកក្កដានេះថា ករណីអនុប្រធានគណបក្សភ្លើងទៀនប្រមាថស្ថាប័ន​ជាតិ​មួយថា​ ជាចោរ​ មិនមែនជារឿងសាមញ្ញ ហើយក៏​មិន​មែន​​ជាការបញ្ចេញមតិដែរ។ ដូច្នេះ ត្រូវតែដោះស្រាយគ្នាតាមយន្តការតុលាការ​ពោលគឺមិនអាចសុំទោសបានឡើយ។

ការលើកឡើងលោក សោម សូរីដា បែបនេះ ជាការឆ្លើយតបចំពោះការលើក​ឡើង​របស់​​លោក សុន ឆ័យ ​ដែលបាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន ​​ក្រោយពីចាកចេញពីសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១២ ខែកក្កដានេះថា លោក​សម្តែងការសោកស្តាយ​ដែល​ គ.ជ.ប​ បាន​លើកយកករណីរបស់លោក​ទៅតុលាការ។ លោកថា ករណីនេះ​ គ.ជ.ប​ គួរតែមានការពន្យល់​មួយ​។

លោក សោម សូរីដា​ បញ្ជាក់​ថា «ការប្រមាថស្ថាប័នជាតិថា ជាចោរ គឺជាការប្រមាថមួយ ដែលមិនអាចគិតថា ជារឿងធម្មតាដែលត្រូវហៅអ្នកប្រមាថមកចរចាឬជជែកគ្នារកខុសរកត្រូវនោះទេ។ករណីលោក សុន ឆ័យ  ប្រមាថ ជាសាធារណៈ និងបរិហារកេរ្តិ៍ជាសាធារណៈនេះ ខ្ញុំសូមបញ្ជាក់ថា មិនមែនជាការបញ្ចេញម​តិ ដែល គ.ជ.ប ត្រូវ​អញ្ជើញលោក សុន ឆ័យ មករកខុសរកត្រូវជាមួយ គ.ជ.ប ​នោះទេ អីចឹង​ករណីនេះ គឺជាករណីដែលត្រូវដោះស្រាយគ្នាតាមយន្តការតុលាការ»។

លោក សោម សូរីដា បានបន្ថែមថា បើ​លោក សុន ឆ័យ គិតថាការប្រមាថ គ.ជ.ប​ ថា ជាចោរបែបនេះ ហើយថា គឺជារឿងធម្មតា​នោះ លោកស្មានខុសហើយ គិតខុសហើយ។ អ្នកនាំពាក្យ គ.ជ.ប បានបន្ថែមថា លោក សុន ឆ័យ គួរតែចេះថ្លឹងថ្លែងអំពីពាក្យពេចដ៏ ការប្រើប្រាស់​ភាសាខ្មែរ ដែលគួរតែប្រើ​ក្នុងន័យមួយ ​គោរព​គ្នាទៅវិញ ទៅមក រវាងបុគ្គល​ដែលជាថ្នាក់ដឹកនាំ​គណបក្សនយោ បាយ ជាមួយស្ថាប័នជាតិមួយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។​

លោកបានបន្តថា ដោយឡែកការលើកឡើង របស់លោក សុន ឆ័យ ​ថា ការប្តឹងនោះ ជាការធ្វើឲ្យខាតពេលវេលារបស់​លោក​នោះ  ​វាគ្រាន់តែជាការលើកឡើង​​ ដើម្បីបន្ថយនូវទោសកំហុស​ទៅសាធារណជនប៉ុណ្ណោះ។ ប៉ុន្តែ​កិច្ចការ​នេះ ​មិនសាមញ្ញដូចលោក សុន ឆ័យ គិតនោះទេ ​លោក សុន ឆ័យ គួរពិចារណាឡើងវិញពីពាក្យសម្ដីរបស់ខ្លួន​។​​

គួររំលឹកថា កាលពីព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានចូលឆ្លើយ​បំភ្លឺ​លើ​បណ្តឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលបណ្តឹងនេះ គ.ជ.ប បានស្នើឲ្យតុលាការផ្តន្ទាទោស​លោក សុន ឆ័យ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងធ្វើលិខិតសុំទោសជាសាធារណៈ។ ​

មកដល់ពេលនេះ លោក សុន ឆ័យ ​ទទួល​រងបណ្តឹងចំនួន ២ គឺ​ ទី១, បណ្តឹងពាក់ព័ន្ធការចោទនិងការបំភ្លៃព័ត៌មានជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលត្រូវបានចាត់ទុកជាអំពើទុច្ចរិត, បំភ្លៃខុសពីការពិត, ការផ្តល់ព័ត៌មានក្លែងក្លែង ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរធ្ងរ ដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា ហើយបណ្តឹងនេះ មេធាវីបានទាមទារសំណងជំងឺចិត្តចំនួន ៤.០០០លាន រៀល ឬប្រហែល ១លានដុល្លារអាមេរិក។ ទី២, បណ្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ របស់ស្ថាប័នគ.ជ.ប ដែលបណ្តឹងនេះ បានស្នើឲ្យតុលាការផ្តន្ទាទោសលោក សុន ឆ័យ តាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ និងស្នើឲ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោសជាសាធារណៈ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print