ភ្នំពេញ៖ ស្របពេលដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចេញសេចក្តីសម្រេចស្តីពីការដាក់ទណ្ឌកម្មខាងវិន័យចំពោះលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ពាក់ព័ន្ធទៅនឹងតំណាងរាស្ត្ររូបនេះបានចេញផ្សាយតាមបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ចាត់ទុកជាអំពើប្រព្រឹត្តនាំឲ្យប៉ះពាល់កេត្យានុភាពរបស់រដ្ឋសភា និងជាការជេរប្រមាថមើលងាយប្រធានរដ្ឋសភា ដែលផ្ទុយនឹងបទប្បញ្ញតិ្តនៃមាត្រា៨៧នៃរដ្ឋធម្មនុញ្ញ មាត្រា៥នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ ព្រមទាំងប្រការ៧៧ចំណុច ឃ និងប្រការ៧៨ ចំណុច ត នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានោ ។
នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ លោកអ៊ុំ សំអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបមកពីគណបក្សសង្គ្រោះជាតិ បានធ្វើលិខិតមួយគោរពជូនសម្តេចប្រធានរដ្ឋសភា ដោយបានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំបាទបានប្រើពាក្យសម្តី មិនសមរម្យទៅលើសម្តេចប្រធាន តាមរយៈបណ្តាញព័ត៌មានសង្គមដែលធ្វើឲ្យប៉ះពាល់កិត្តិយសសម្តេចប្រធាន ។ រាល់អាកប្បកិរិយា និងពាក្យសម្តីខុសឆ្គងរបស់ខ្ញុំបាទនាពេលកន្លងមក ពិតជាធ្វើឲ្យប៉ះពាល់ដល់កេត្យានុភាពរបស់រដ្ឋសភា និងកិត្តិយសរបស់សម្តេចប្រធាន ។ លោក អ៊ុំ សំអាន បន្តថា ខ្ញុំសូមសម្តេចប្រធាន មេត្តាអធ្យាស្រ័យ និងអត់ឱនដោយក្តីអនុគ្រោះ ។
គួររំលឹកថា លោក អ៊ុំ សំអាន ត្រូវបានរដ្ឋសភាដាក់ទណ្ឌកម្មខាងវិន័យស្របតាមការកំណត់នៃប្រការ៨១ នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ១-កាត់ប្រាក់បំណាច់ប្រចាំខែ៥០ភាគរយ ក្នុងរយពេល២ខែ, ២-ប្រកាសផ្សាយជាសាធារណៈនូវសម្រង់កំណត់ហេតុបន្ទោស ព្រមទាំងយកទៅបោះពុម្ព ហើយបិទនៅគ្រប់ឃុំ នៅមណ្ឌលខេត្តសៀមរាប, ៣-ហាមមិនឲ្យចូលធ្វើការនៅរដ្ឋសភាក្នុងវេលា១៥ពេលប្រជុំជាបន្តបន្ទាប់ ។
បើទោះជាមានការដាក់ទណ្ឌកម្មវិន័យបែបនេះក៏ដោយ បន្ទាប់ពីមានលិខិតសុំទោសពីតំណាងរាស្ត្រខាងលើនេះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ សម្តេចប្រធានរដ្ឋសភា ក៏បានផ្តល់ការអធ្យាស្រ័យចំពោះលោកអ៊ុំ សំអាន ដោយបញ្ចប់ការដាក់ទណ្ឌកម្មខាងវិន័យដូចមានចែងក្នុងសេចក្តីសម្រេចលេខ ២០១ រ.ស. ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ៕ សុខ ខេមរ៉ា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា