ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាគីស្ថានបានឲ្យដឹងថា គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដូវវស្សានេះបានបណ្តាលឲ្យមនុស្ស២៨នាក់បាត់បង់ជីវិត និងរាប់ពាន់នាក់ផ្សេងទៀតរងផងប៉ះពាល់ ។ គ្រោះធម្មជាតិនេះនឹងបន្តរហូតដល់ប៉ុន្មានខាងមុខទៀត ។
ស្ថិតនៅភាគពាយព្យតំបន់Chitral ផ្លូវថ្នល់ ស្ពាន និងដំណាំកសិផលទទួលរងការខូចខាតយ៉ាងដំណំ គិតជាទឹកប្រាក់រាប់លានដុល្លារ។ នេះបើតាមប៉ាន់ប្រមាណរបស់ការិយាល័យមនុស្សធម៌សហភាពអឺរ៉ុប ។ ខេត្ត Baluchistan ស្ថិតនៅភាពអាគ្នេយ៍ ដែលជាខេត្តក្រីក្រជាងគេបំផុតរបស់ប៉ាគីស្ថាននោះបានរងគ្រោះខ្លាំងជាងគេណាស់ដែរ ។
សាស្ត្រាចារ្យម្នាក់រស់នៅក្នុងតំបន់ Zargrandeh បានថ្លែងថា ភូមិឋានខ្លះត្រូវកាត់ផ្តាច់ទាំងស្រុងតែម្តង ។ ពលរដ្ឋដែលរងផលប៉ះពាល់ក្នុងមូលដ្ឋានបានផៀសខ្លួនឯងទៅរកទីសុវត្ថិភាព ។
ភ្លៀងធ្លាក់ខ្លាំងត្រូវគេរំពឹងថា នឹងបន្តធ្លាក់ច្រើនសប្តាហ៍ខាងមុខទៀត ស្របពេលនេះតំបន់ជាច្រើនកំពុងទទួលរងគ្រោះដោយទឹកជំនន់ និងបាក់ដីយ៉ាងខ្លាំងនោះ ជាពិសេសស្ថិតនៅក្នុងខេត្ត Pakhtunkhwa ក្នុងនោះរួមទាំង តំបន់ Chitral ផងដែរ ។ នេះបើតាមនាយកដ្ឋានឧតុនិយមប៉ាគីស្ថានបានចេញសេចក្តីប្រកាសឲ្យដឹងជាសាធារណៈ ។
ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមធ្លាក់កាលពីថ្ងៃទី១៥ ខែកក្កដា និងបានបន្តធ្លាក់ជារៀងរហូតរហូតដល់សប្តាហ៍ខាងមុខទៀតស្ថិតនៅទូទាំងប្រទេសប៉ាគីស្ថានតែម្តង ។ ភ្លៀងធ្លាក់ខ្លាំងនេះបង្កឲ្យមានគ្រោះទឹកជំនន់ជន់លិចតំបន់ Lahore ជន់លិច Islamabad និងតំបន់ Rawalpindi ផងដែរ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីកាកបាទក្រហមប៉ាគីស្ថាន ។
គ្រោះធម្មជាតិបណ្តាលឲ្យមានទឹកជំនន់ រហូតធ្វើឲ្យបាត់បង់ជីវិតមនុស្សកើតឡើងជារៀងធម្មតានៅរដូវវស្សាក្នុងប្រទេសប៉ាគីស្ថានដែលចាប់ផ្តើមពីខែមិថុនា រហូតដល់ខែកញ្ញា ។ កាលពីខែកញ្ញា ឆ្នាំ២០១៤ មនុស្សជាង១០នាក់បានបាត់បង់ជីវិតស្ថិតនៅតំបន់ Punjab និង Kashmier ដោយសារតែគ្រោះទឹកជំនន់ ហើយលំនៅឋានជាច្រើនខ្នងរងការដួលរលំបាក់បែកគ្មានសល់ ។
កាលពីឆ្នាំ២០១០ គ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របានសម្លាប់មនុស្សជាង២ពាន់នាក់ នៅក្នុងប្រទេសប៉ាគីស្ថាន ។ គ្រោះធម្មជាតិកាលគ្រានោះធ្វើឲ្យខូចខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំកសិផលគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋដែលគិតជាទំហំទឹកប្រាក់មានរហូតខ្ទង់លានដុល្លារ ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ណាវាស់ សារីហ្វ បានប្រកាសកញ្ចប់ជំនួយ៥លានដុល្លារឧបត្ថម្ភតំបន់រងគ្រោះ Chitral ហើយលោកបានធ្វើដំណើរទៅកាន់ជំរំផ្តល់ជំនួយសង្គ្រោះបន្ទាន់ស្ថិតនៅក្នុងខេត្ត Punjab ផងដែរកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ៕