អង្គការសុខភាពពិភពលោកបានប្រកាសឲ្យដឹងថា ជារៀងរាល់ឆ្នាំចិនមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានរហូតដល់២សែននាក់។ចំណែកគេហទំព័រ IB Times បានផ្សាយថាចំនួនអ្នកស្លាប់មិនមានតែ២សែននាក់ប៉ុណ្ណោះទេ គឺលើសពីនេះដល់ទៅ៤ដង មានជិត១លាននាក់ឯណោះក្នុងមួយឆ្នាំៗ។
លោកBernhard Schwartlander តំណាងអង្គការWHO នៅក្នុងប្រទេសចិនបានសសេរនៅអត្ថបទវិភាគមួយចុះផ្សាយនៅសារព័ត៌មានChina Daily ថា នៅចិនមានភាពល្បីល្បាញពីផ្លូវស្ទះដោយសារតែរថយន្ត ម៉ូតូ និងអ្នកធ្វើដំណើរថ្មើជើងច្រើន ។ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសនេះក៏បានសម្លាប់កុមារដល់ទៅ១០ពាន់នាក់ក្នុងមួយឆ្នាំៗផងដែរ ហើយភាគច្រើនកុមារទាំងនោះធ្វើដំណើរដោយថ្មើរជើង។
តួលេខរបស់WHO មានច្រើនជាងតួលេខដែលរដ្ឋាភិបាលចិនបានផ្សព្វផ្សាយនាពេលកន្លងមក ដែលមានតែ៦០ពាន់នាក់ប៉ុណ្ណោះស្លាប់ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ។ ចំនួនដែលរដ្ឋាភិបាលចិនប្រកាសគិតទៅតាមមធ្យម អ្នកធ្វើដំណើរលើមធ្យោបាយធ្វើដំណើរ។ បើចំនួនអ្នកស្លាប់ពិតប្រាកដនោះមានច្រើនជាង៨សែននាក់ឯណោះ។
នៅក្នុងអត្ថបទរបស់ខ្លួន លោកSchwartlander បានអំពាវនាវឲ្យគ្រប់គ្រងការធ្វើចរាចរណ៍ប្រកបដោយប្រសិទ្ធិភាពបំផុត អ្នកធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាព…ទើបអាចកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានប្រសើរ។
ចំណុចដែលធ្វើឲ្យអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើនឡើងនោះគឺនៅក្នុងសង្គមទំនើបរបស់ចិន ពិសេសនៅតាមបណ្តាទីក្រុង ការដែលមានរថយន្តប្រើប្រាស់ផ្ទាល់ខ្លួនគឺជាតំណាងនៃភាពថ្លៃថ្នូ ជាអ្នកមានលុយកាសច្រើនមានអំណាច។នៅឆ្នាំ1990មានពលរដ្ឋចិនតែ5,5លាននាក់ប៉ុណ្ណោះមានរថយន្តប្រើប្រាស់ផ្ទាល់ខ្លួន ដល់ឆ្នាំ2010មានពលរដ្ឋដល់ទៅ70លាននាក់មានរថយន្តទំនើបប្រើប្រាស់ ។ មកដល់ឆ្នាំ2015ចំនួននោះអាចកើនឡើងដល់ជិត200លាននាក់ហើយនៅឆ្នាំ២០១៦នឹងបន្តកើនឡើងទៀត។
តាមការប៉ាន់ស្មាន នៅក្នុងមួយឆ្នាំៗមានរថយន្តប្រមាណ15លានគ្រឿងនាំចូលទៅកាន់ទីក្រុងធំៗ ទាំងនោះហើយធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើង ការកកស្ទះផ្លូវក៏ច្រើនផងដែរ៕
ដោយ មែវ សាធី