អាជ្ញាធរខេត្តព្រះសីហនុធ្វើមិនដឹងករណីដីព្រៃ លិចទឹកស្រុកព្រៃនប់ត្រូវឧកញ៉ាហាន់ឃៀងទន្ទ្រានកាន់កាប់

ចែករំលែក៖

ខេត្តព្រះសីហនុៈប្រជាពលរដ្ឋខេត្តព្រះសីហនុបានអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទៅលើឧកញ៉ាហាន់ឃៀងតាមច្បាប់ព្រោះឧកញ៉ារូបនេះជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅភូមិព្រែកទាល់ឃុំទឹកថ្លាស្រុកព្រៃនប់ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបានឲ្យដឹងថាដីព្រៃដើមកោងកាងនិងដើមក្រញឹមលិចទឹកប្រមាណជាង១០០០ហិកតាដែលគេទន្ទ្រានកាន់កាប់ជាកម្មសិទ្ធិនោះគឺប្រមាណ៥០ហិកតាកាន់កាប់ដោយឧកញ៉ាហាន់ឃៀងដោយមានការឃុបឃិតពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ។ដូច្នេះរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងរដ្ឋមន្ត្រីក្រសួងបរិស្ថានគួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះក្រុមហ៊ុនរបស់ឧកញ៉ាហាន់ឃៀងបានឈូសឆាយបំផ្លាញព្រៃលិចទឹកជាង៥០ហិកតា។
តាមប្រភពពីមន្ត្រីរដ្ឋបាលជលផលខេត្តព្រះសីហនុបានឲ្យដឹងថាដីព្រៃលិចទឹកក្នុងឃុំទឹកថ្លាស្រុកព្រៃនប់មានទំហំប្រមាណជាង១០០០ហិកតាក៏ប៉ុន្តែនៅអំឡុងឆ្នាំ២០០៤២០០៥មានការឃុបឃិតគ្នារវាងមន្ត្រីអាជ្ញាធរនឹងមន្ត្រីជំនាញចេញប្លង់កម្មសិទ្ធិឲ្យអ្នកមានលុយអ្នកមានអំណាចតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ផ្ដើមចេញពីអំពើពុករលួយរបស់មន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនោះហើយដែលនាំឲ្យមានបទល្មើសឈូសឆាយបំផ្លាញព្រៃលិចទឹកទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើននាពេលបច្ចុប្បន្ន។ក្នុងនោះក្រុមហ៊ុនរបស់ឧកញ៉ាហាន់ឃៀងបានប្រើគ្រឿងចក្រឈូសឆាយបំផ្លាញព្រៃលិចទឹកជាង៥០ហិកតាយកធ្វើជាកម្មសិទ្ធិដោយគ្មានញញើតអ្វីទាំងអស់ចំណែកមន្ត្រីអាជ្ញាធរនិងមន្ត្រីស្ថាប័នពាក់ព័ន្ធកំពុងឆ្លើយយករួចខ្លួន។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋក្នុងឃុំទឹកថ្លាបានឲ្យដឹងថានៅឆ្នាំ២០០៧ដីព្រៃលិចទឹកក្នុងភូមិព្រែកទាល់ឃុំទឹកថ្លាស្រុកព្រៃនប់ជាង១០០០ហិកតាត្រូវបានចុះបញ្ជីឲ្យស្ថិតនៅក្នុងការគ្រប់គ្រងរបស់សហគមន៍ដើម្បីការពារថែរក្សាទុកជាសម្បត្តិរដ្ឋបម្រើផលប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋទូទៅ។ក៏ប៉ុន្តែរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅអ្នកមានលុយអ្នកមានអំណាចក្នុងនោះមានឧកញ៉ាហាន់ឃៀងផងដែរបានប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញព្រៃលិចទឹកអស់រាប់រយហិកតាទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិដោយគ្មានញញើតអ្វីទាំងអស់។ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងឃុំទឹកថ្លាស្រុកព្រៃនប់អំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់កុំឲ្យបទល្មើសរាលដាលតទៅទៀតព្រោះមន្ត្រីអាជ្ញាធរស្រុកព្រៃនប់និងមន្ត្រីអាជ្ញាធរខេត្តព្រះសីហនុគ្មានសមត្ថភាពក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃលិចទឹករង្គាលនោះបានឡើយ៕

image image

ហេងសូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print