ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍មុននេះបន្ដិតលើហ្វេសប៊ុនសម្តេចថាៈ ខ្ញុំសប្បាយរីករាយណាស់ដែលមានកិត្តិយសមកចូលរួមប្រគល់សញ្ញាបត្រ និងផ្តល់ដំបូន្មានខ្លះៗដល់និស្សិតមកពីសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ជាង ៨០០ នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ ច្បាស់ណាស់ ទោះបីយើងមានថានៈជាអ្វីក៏ដោយ ចំពោះការសិក្សាស្រាវជ្រាវគឺត្រូវតែបន្តរៀនសូត្រ ព្រោះចំណេះដឹងគឺគ្មានដែនកំណត់ឡើយ។ រីឯជំងឺតួឯកឬអ្វីក៏ខ្លួនចេះទាំងអស់នោះ គឺមិនបាននាំមកនូវការរីកចម្រើនឡើយ ផ្ទុយទៅវិញគឺនាំមកនូវភាពអសកម្មនិង ភាពឯកោទៅវិញទេ។
សម្តេចតេបានមានប្រសាសន៍បន្តថាៈ ខ្ញុំក៏បានរំលឹកអំពីជំនាន់ប៉ុលពតដល់ក្មួយៗយុវជនអោយបានដឹងផងដែរថាសម័យនោះគឺធនធានមនុស្សត្រូវបំផ្លាញស្ទើរទាំងស្រុង។ នៅពេលនេះយើងកំពុងជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍន៌ប្រទេសជាតិ។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាការពារសន្តិភាព ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងយុវជន ដែលយើងបាត់បង់ឱកាសបែបនេះតាំងពីជំនាន់សង្រ្គាមឆ្នាំ១៩៧០។ ខ្ញុំមិនបណ្តោយអោយយុវជនខ្មែរទទួលរងគ្រោះបាត់បង់ឱកាសមិនបានសិក្សាដូចដែលបានកើតឡើងកាលពីជំនាន់សង្រ្គាមដែលរូបខ្ញុំធ្លាប់បានឆ្លងកាត់។
សម្តេចតេជោបានថ្លែងលើកឡើងថាៈ ខ្ញុំសូមឆ្លើយទៅសំណួរក្នុង Facebook ចំពោះគ្រូពេទ្យជំនាញឯកទេសយើងដែលកំពុងជាប់កិច្ចសន្យា គឺរាជរដ្ឋាភិបាលនឹងបញ្ចូលជាមន្រ្តីមានក្របខ័ណ្ឌ ដើម្បីគ្រូពេទ្យយើងទទួលបានប្រាក់ខែសមរម្យ។ ខ្ញុំសូមលើកទឹកចិត្តយុវជនចូលរួមក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា ដើម្បីជំរុញការកសាងអំពើល្អអោយកាន់តែច្រើននៅក្នុងសង្គមជាតិយើង។
សម្តេចបានមានប្រសាសន៍ទៀតថាៈ ខ្ញុំសូមអរគុណនិងជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងពុទ្ឋពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីខានឡើយ៕
ដោយ៖ សុខ ខេមរា