ប្រទេសថៃ៖កូនកំលោះខ្មែរនិងកូនក្រមុំដែលជាជនជាតិថៃបានស្ម័គ្រស្មោះនឹងគ្នារហូតបានរៀបការជាប្តីប្រពន្ធ ដោយសារតែការព្យាយាមរបស់អ្នកទាំងពីរ ប៉ុន្តែជាអកុសល ក្រោយពេលរៀបការបានតែពីរថ្ងៃប៉ុណ្ណោះ អ្នកទាំងពីត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម
ដោយសាររយន្តបុក ខណៈដែលពួកគេបាននាំគ្នាជិះម៉ូតូនាំយកសម្លៀកបំពាក់ដែលជាឈុតរៀបការទៅសងឲ្យហាងគេវិញ ។
យោងតាមរបាយការណ៍ពីប្រទេសថៃបានឲ្យដឹងថា នៅម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចបណ្តោយផ្លូវពីស្រុកអារញ្ញទៅតាផាយ៉ា ស្ថិតក្នុងភូមិឡៅអយ ខេត្តស្រះកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្តវីហ្គូ ដោយតួម៉ូតូមានសភាពខ្ទេចខ្ទី រីឯក្បាលរថយន្តក៏មានសភាពខូចខាតយ៉ាងខ្លាំងផងដែរ ដោយសារតែកម្លៃងនៃការប៉ះទង្គិចគ្នា ។
តាមការពិនិត្យនិងអះអាងពីក្រុមតម្រួតថៃបានឲ្យដឹងថា អ្នកដែលបើកបរម៉ូតូមានឈ្មោះ ព្រី ស័ក្តិ អាយុ២១ឆ្នាំ ជាជនជាតិខ្មែរដោយមានឯកសារនិងប័ណ្ណបើកបរយ៉ាងត្រឹមត្រូវ ដែលយុវជនរូបនេះទើបនឹងរៀបការជាមួយនឹងកូនក្រមុំថៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ហើយនាងដែលរួមដំណើរជាមួយមានឈ្មោះ ផាត់ចៈរី ជឿចិនសុវណ្ណ ។
ប្រភពដដែលបានបន្តថា នៅត្រង់ចំនុចកើតហេតុដែលផ្លូវមានលក្ខណៈកោង ថែមទាំងមានកម្ទេចកម្ទីថ្ម និងគ្រួសនៅរាយប៉ាយពេញផ្លូវផងនោះបានបញ្ជាក់ឲ្យឃើញថា ការបើកបររបស់កូនកំលោះ និងកូនក្រមុំ អាចមានការរអិលផ្លាតទៅនឹងកម្ទេចថ្មទាំងនោះបណ្តាលឲ្យរេចង្កូតទៅបុកនឹងក្បាលរថយន្តដែលកំពុងបើកបរច្រាស់ទិសគ្នាបណ្ដាលឲ្យកូនកំលោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយឡែកកូនក្រមុំបានរងរបួសយ៉ាងធ្ងន់ធ្ងរដែលត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រោយមកនាងក៏ត្រូវស្លាប់ដែរ ។
នៅចំណុចកើតហេតុគេសង្គេតឃើញថា មានបន្សល់នូវថង់មួយដែលពួកគេទាំងពីរនាក់បានច្រកសម្លៀកបំពាក់ឈុតរៀបការក្នុងគោលបំណងឌុបគ្នាយកឈុតនោះទៅសងឲ្យហាងគេវិញ បន្ទាប់ពីពួកគេបានជួលយកមករៀបការ ហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ។
កូនកំលោះដែលជាជនជាតិខ្មែរនេះ បានចូលទៅធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃក្នុងស្រុកគោកខ្យូង ខេត្តស្រះកែវ ហើយក៏បានស្រលាញ់ជាមួយនឹងក្រមុំថៃ ដែលនាងជាប់ជាអតីតតារាបង្ហាញម៉ូតលេខ៤ ប្រចាំស្រុកអារញ្ញផងដែរ ទើបឈានដល់ការរៀបអាពាហ៍ពិពាហ៍តែម្តង ទីបំផុតក៏ត្រូវស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័មដោយនៅពេលនេះក្រុមតម្រួតក៏បានរាយការណ៍ទៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ហើយដើម្បីផ្តល់ដំណឹងដល់ក្រុមគ្រួសារនៅឯប្រទេសកម្ពុជាមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណា