ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌមានជ័យបាននាំខ្លួនជនសង្ស័យទៅកន្លែងកើតហេតុដើម្បីធ្វើតម្រាប់ឡើងវិញពាក់ព័ន្ធនិងករណី ឃាត់កម្មគ្រោងទុកជាមុនប្លន់សម្លាប់យកម៉ូតូមិត្តភក្តិ ដែលជនសង្ស័យបានប្រព្រឹត្តកាលពី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីឡូតិព្រៃមួយកន្លែង ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតា ឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានបញ្ជាក់ ប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចយើងឃាត់ខ្លួននោះមានឈ្មោះ យឺន មាន ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរជាងពីដាន នៅសំណង់បុរីប៉េងហួត មានស្រុកកំណើតនៅភូមិខ្យាបឹងវែង ឃុំបារ៉ាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះមានឈ្មោះ ឈឿន សារុំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងពីដាន មានស្រុកកំណើតជាមួយជនសង្ស័យក្បែរផ្ទះគ្នា។ ដោយឡែកម៉ូតូដែលប្លន់យកទៅនោះម៉ាកZOOMER-X ពណ៌ខ្មៅ គ្មានស្លាកលេខ។
លោកអធិការរងដដែលបន្តថា នៅថ្ងៃទី៨ឧសភា មានប្រជាពលរដ្ឋម្នាក់គាត់ទៅកាប់ ឆ្កាព្រៃ និងដុតព្រៃ ស្រាប់តែពេលនោះគាត់ក៏បានប្រទះឃើញសាកសពហើយក៏បានរាយការណ៍ដល់សត្ថកិច្ចយើងតែម្តង។ ក្រោយពីចុះពិនិត្យលើសាកសពទើបសមត្ថកិច្ចជំនាញកំណត់ថាជាករណីប្លន់សម្លាប់ ភ្លាមៗលោក៏សុំគោលការណ៍ស្រាវជ្រាវតាមជំនាញឈានដល់ធ្វើការកំណត់មុខសញ្ញារហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ លោកក៏បានដឹកនាំកម្លាំងចុះដល់ផ្ទះជនសង្ស័យនៅឯស្រុកកំណើតស្ថិតនៅខេត្តកំពង់ចាម ហើយក៏បានសហការណ៍ជាមួយកម្លាំងនគរបាលស្រុកស្រីសន្ធរចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង ដែលកំពុងស្នាក់ដេកលើអង្រឹងក្រោមផ្ទះ។ បន្ទាប់មកលោកក៏បានសហការជាមួយកម្លាំងខណ្ឌទួលគោកចុះដកហូតយកម៉ូតូដែលជនសង្ស័យលក់ឲ្យគេបានប្រាក់ចំនួន៣០០ដុល្លារ។
ជនសង្ស័យឈ្មោះ យឺន មាន ក៏បានសារភាពប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគឺរូបគេនិងជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកZOOMER-X ឌុបគ្នាចេញពីផ្ទះជួលនៅក្បែរបុរីប៉េង ហួត បឹងស្នោរទៅទិញគ្រឿងញៀនក្នុងតម្លៃជាង២០ដុល្លារ។ ក្រោយរូបគេនិងជនរងគ្រោះក៏ ធ្វើដំណើរឆ្ពោះមកដីឡូត៍វាលស្ងាត់ប្រហែលម៉ោង៨យប់ ជិះម៉ូតូចុះពីផ្លូវ៦០ម៉ែត្រចូលព្រៃប្រហែល១០០ម៉ែត្រដើម្បីនាំគ្នាជក់គ្រឿងញៀន។ យឺន មាន បន្តប្រាប់សមត្ថកិច្ចថា ក្រោយ រូបគេក៏បានឲ្យជនរងគ្រោះទៅអង្គុយក្បែររណ្តៅដីមួយនៅក្នុងព្រៃនោះ នៅពេលដែលជនរងគ្រោះអង្គុយភ្លេចខ្លួនរូបគេយកខ្សែលួសចេញពីហោប៉ៅខោធ្វើសកម្មភាពរឹតកលើជនរង គ្រោះសម្លាប់តែម្តង ហើយខ្សែលួសនោះរូបគេក៏បោះវាចោលទៅក្នុងរណ្តៅដីដែលមានទឹកនៅក្បែរនោះ។ ក្រោយមករូបគេក៏យកម៉ូតូនោះលក់ឲ្យគេនៅតាមផ្លូវបានប្រាក់ចំនួន៣០០ ដុល្លារ ហើយក៏គេចខ្លួនទៅស្រុក។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ តាឡឹម