ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះការពារកន្លែងអភិរក្សជលផល បង្រ្កាបអ្នកនេសាទជនជាតិវៀតណាមចំនួន ៦នាក់ ខណៈពួកគេចូលធ្វើសកម្មភាពនេសាទក្នុងកន្លែងអភិរក្សជលផល កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចបឹងទន្លេសាប ក្នុងកន្លែងអភិរក្សជលផលស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក ភុន វណ្ណា នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងបានឱ្យដឹងថា ជនសង្ស័យជនជាតិវៀតណាមទាំង ៦នាក់ ត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ង្វៀង យ៉ាំងបាវ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកណ្ដៀង ទី២-ឈ្មោះ គុម រិន ភេទប្រុស អាយុ ២០ឆ្នាំ ទី៣-ឈ្មោះ ឡេ យ៉ាំងឡាំង ភេទប្រុស អាយុ ៣៤ឆ្នាំ ទី៤-ឈ្មោះ ង្វៀង យ៉ាំងជាង ភេទប្រុស អាយុ ២៦ឆ្នាំ ទី៥-ឈ្មោះ ថាង យ៉ាំងហាយ ភេទប្រុស អាយុ ១៩ឆ្នាំ និងទី៦-ឈ្មោះ ង្វៀង យ៉ាំងហ៊ុង ភេទប្រុស អាយុ ៣២ឆ្នាំ អ្នកទាំង ៥នាក់នេះស្នាក់នៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោកនាយសង្កាត់បន្តថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបជនសង្ស័យខាងលើ កម្លាំងដកហូតវត្ថុតាងរួមមាន អួននិងមងអូសដៃចំនួន ៣វង់ ប្រវែងសរុបចំនួន ២៨០ម៉ែត្រ និងកាណូតបាឡាស្មាច់ ១គ្រឿង ទូក ១គ្រឿង វត្ថុតាងនេះរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង ។ លោកបន្តទៀតថា ចំពោះជនសង្ស័យទាំង ៦នាក់បញ្ជូនខ្លួនទៅខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ដើម្បីបន្តតាមនិតិវិធី ។
គួររំលឹកផងដែរថា ចាប់តាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចធ្វើការបង្រ្កាបអ្នកនេសាទខុសច្បាប់ជនជាតិវៀតណាមសរុបចំនួន ១៥នាក់ហើយ ខណៈពួកគេលួចចូលធ្វើនេសាទក្នុងកន្លែងអភិរក្សជលផល ជនសង្ស័យទាំង ១៥នាក់នេះកំពុងបន្តតាមនិតិវិធីមិនទាន់ដឹងថា មានទោសទាន់យ៉ាងម៉េចនៅឡើយទេ រហូតមកដល់រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នេះ ៕
ដោយ៖ ប៉ឹម ពិន