ទាហានថៃបានប្រើប្រាស់គ្រឿងចក្រ២គ្រឿងបោសសំអាតមីននៅព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលសីម៉ា៣០-៣១

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សេចក្តីរាយការណ៍ពីខ្សែបន្ទាត់ព្រំដែនជួរមុខកម្ពុជា-ថៃឱ្យដឹងថា មានទាហានថៃមួយក្រុមបានប្រើប្រាស់គ្រឿងចក្រ២គ្រឿងកំពុងបោសសំអាតគ្រាប់មីននៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីម៉ាលេខ៣០-៣១ ក្នុងភូមិសាស្រ្តស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈមនិងភូមិសាស្រ្តស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ការបោសសំអាតគ្រាប់មីនតាមខ្សែបន្ទាត់ព្រំដែននៅចន្លោះបង្គោលសីម៉ាលេខ៣០-៣១ ពីសំណាក់ទាហានថៃគឺគេធ្វើឡើងមានរយៈពេលជាងមួយសប្តាហ៍មកហើយ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ភាគីថៃនៅតែបន្តសកម្មភាពនៅឡើយ។ គេមិនបានឃើញកងកម្លាំងការពារព្រំដែនកម្ពុជាចុះទៅហាមឃាត់ទប់ស្កាត់នោះទេគ្រាដែលខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវគេរាយការណ៍ឱ្យដឹងថា មិនទាន់មានការឯកភាពគ្នារកំណត់ព្រំដែនច្បាស់លាស់នៅឡើយនោះទេ។

ជុំវិញបញ្ហានោះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយុទ្ធភូមិភាគទី៥ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ឱ្យដឹងថា ការបោសសម្អាតគ្រាប់មីនពីសំណាក់ភាគីថៃនៅចំណុចខាងលើគឺផ្នែកមនុស្សធម៌ភាគីថៃគេបានជូនដំណឹងដល់ភាគីកម្ពុជាយើងនោះហើយដោយអនុវត្តយោងស្មារតីខ្លឹមក្នុងកិច្ចប្រជុំយោគយល់គ្នារវាងភាគីទាំងពីរនៅក្នុងឆ្នាំ២០០៦ មានការឯកភាពគ្នារបស់ក្រុមការងារគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ។

លោកប្រាប់ឱ្យដឹងទៀតថា ការបោសសម្អាតមីនរបស់ភាគីថៃគឺគេធ្វើនៅខាងលិចអូរព្រំដែនក្នុងភូមិសាស្រ្តគ្រប់គ្រងរបស់រដ្ឋបាលប្រទេសថៃដែលមានការបែងចែកដោយអូរព្រំដែនច្បាស់លាស់។ លោកបន្តថា បើសិនចំណុចណាមានភាពមិនប្រក្រតីគឺខាងភាគីកម្ពុជាយើងក៏មិនធ្វើការអនុញ្ញាតនោះដែរ។ កន្លងមកខាងភាគីកម្ពុជាយើងបានដោះមីនតាមខ្សែបន្ទាប់ព្រំដែន ក៏បានជូនដំណឹងដល់ភាគីថៃហើយភាគីថៃគេក៏បានយោគយល់ដូចគ្នាផងដែរ។

ដោយឡែក លោកឧត្តមសេនីយ៍ទោ ព្រំ រឿន អនុប្រធាននាយកដ្ឋានព្រំដែនគោកនិងជាមេបញ្ជាការរងគណៈបញ្ជការនគរបាលជាតិប្រចាំទិសភូមិភាគ៥បានប្រាប់ឱ្យដឹងថា ការបោសសម្អាតមីននៅចំណុចព្រំដែនរបស់ភាគីថៃខាងលើគឺវាជាបញ្ហាប៉ះពាល់ទៅលើខ្សែបន្ទាត់ព្រំដែនដែលមិនទាន់កំណត់ព្រំដែនច្បាស់លាស់រវាងភាគីកម្ពុជានិងថៃ។

លោកលើកឡើងទៀតថា ខាងណាគេអនុញ្ញាឱ្យបោសសំអាតមីននោះលោកមិនដឹងទេ ប៉ុន្តែសម្រាប់កងកម្លាំងនគរបាលការពារព្រំដែនវិញគឺមិនឯកភាពនោះទេដោយកំពុងធ្វើការចចារយកអនុស្សារណៈយោគយល់ឆ្នាំ២០០០ មកជជែកគ្នាដើម្បីរក្សាស្ថានភាពព្រំដែនដដែលទី១និងទី២ មកដល់ពេលនេះមិនទាន់មានបន្ទាត់ព្រំដែនកម្ពុជា-ថៃ ច្បាស់លាស់នៅឡើយនោះទេ ដោយឡែកការរស់នៅរបស់ប្រជាពលរដ្ឋនិងកងកម្លាំងដែលប្រចាំការនៅខ្សែបន្ទាត់ព្រំដែនចេះនាំគ្នាចង្អុលអូរព្រំដែនជាការកំណត់ព្រំដែនតែធាតុពិតវាមិនទាន់ជាផ្លូវការនោះឡើយ។ លុះត្រាគណៈកម្មាធិការព្រំដែនគេចុះមកវាស់វែងនិងកំណត់ខ្សែព្រំដែនទើបវាជាផ្លូវការ ហើយមកដល់បច្ចុប្បន្ននេះមិនទាន់រកបង្គោលព្រំដែនគ្រប់នៅឡើយទេ៕

IMG_9180

IMG_9181

IMG_9110

IMG_9165

IMG_9177

IMG_9178

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print