ប៉ូលីសនៅក្នុងទីក្រុង Detroit នៃរដ្ឋMichiganសហរដ្ឋអាមេរិកបានអោយដឹងថា កុមារីវ័យ៥ឆ្នាំបានយកកាំភ្លើងខ្លីនៅក្រោមខ្នើយរបស់ជីដូននាងមកលេង ហើយបាញ់សម្លាប់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។
ប្រភពពីមន្ត្រីប៉ូលីសបានអោយដឹងទៀតថា ពេលជិតពាក់កណ្តាលយប់ ជីដូនកំពុងតែចំអិនម្ហូប ហើយមានក្មេងស្រីវ័យ៥ឆ្នាំ និង កុមារ២នាក់ទៀតវ័យ១ឆ្នាំនិង៣ឆ្នាំបានលេងជាមួយគ្នា។ ពេលនោះ ស្រាប់តែកុមារីវ័យ៥ឆ្នាំដែលមានឈ្មោះMariah Davis, បានកាំភ្លើងខ្លីមួយដើមស្ថិតនៅក្រោមខ្នើយ ក៏យកមលេងហើយកេសកៃបាញ់ត្រូវចំខ្លួនឯងរងរបួសធ្ងន់និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកក្មេងដទៃទៀតពុំមានរបួសនោះទេ។
បច្ចុប្បន្នប៉ូលីសកំពុងតែស៊ើបអង្កេតបន្ថែម និងពុំទាន់មានការចោទប្រកាន់អ្វីនោះឡើយ។ ហើយព័ត៍មាននេះកំពុងតែបញ្ជូនបន្តទៅកាន់សាលារៀននិងកន្លែងមើលថែកុមារដើម្បីបង្កើនការ ប្រុងប្រយ័ត្ន។
សកម្មជនការពារអំពើហិង្សាដោយប្រើកាំភ្លើង លោក Jonathan Hutsonបាននិយាយថា “ហេតុការស្លាប់ នោះមិនមែនជាចេតនានោះទេ តែវាក៏មិនមែនជា ការចៃដន្យនោះដែរ។ នេះគឺជាករណីដែលយើងអាច ដឹងមុនឬអាចការពារបាន”។
នៅក្នុងរដ្ឋយ៉ាងហោចណាស់១៤រដ្ឋរបស់អាមេរិក មានច្បាប់ចែងពីកាតព្វកិច្ចរបស់ម្ចាស់កាំភ្លើង។ ប្រសិនបើពួកគេធ្វេសប្រហែសឲ្យកាំភ្លើងធ្លាក់ដល់ដៃកុមារនោះពួកគេនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខាន៕
ដោយ ៈ ភារក្ស