សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ធ្វើទស្សនកិច្ចផ្លូវការនៅចិន រយៈពេល៤ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ការបំពេញទស្សនកិច្ចផ្លូវការខាងលើនេះ គឺតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

សេចក្ដីប្រកាសព័ត៌មានដដែល បានបន្តថា អំឡុងដំណើរទស្សនកិច្ចនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង (XU QI LIANG) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នឹងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួបពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិជាមួយ នាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ព្រមទាំងធ្វើជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួនពីរទី១៖ កិច្ចសហប្រតិបត្តិការយោធា និង២៖ កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋរចនាសម្ពន្ធផ្នែកទន់-រឹង ដើម្បីឱ្យវិស័យការពារជាតិកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។

លើសពីនេះទៀត គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទក៏នឹងចូលរួមកម្មវិធីអាហារថ្ងៃត្រង់ដែលរៀបចំដោយនាយឧត្តមសេនីយ៍ ស្ស៉ី ឈីលាំង ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត ក្រោយវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ជាសកល៕

...

ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print