ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានណែ នាំដល់មន្ដ្រីបច្ចេកទេស ពិសេសគណៈ កម្មការអាជ្ញាកណ្ដាលទាំង២៥០នាក់ដែល មានតួនាទីចុះទៅបំពេញភារកិច្ចការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេសប្រចាំឆ្នាំ២០១៥-២០១៦ចាប់ ពីថ្ងៃទី១២ដល់ថ្ងៃទី២៣ ខែឧសភានៅខេត្តកំពតត្រូវតែខំធ្វើការឲ្យបានល្អ និងទទួល បានជោគជ័យដែលពិធីជួបជុំសំណេះ សំណាលនេះបានធ្វើឡើងកាលពីថៃ្ងទី១១ខែឧសភា ឆ្នាំ២០១៦ ។
លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ ថា គណៈកម្មការតាមប្រភេទកីឡានីមួយៗ ត្រូវរៀបចំសម្ភារឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់តាមប្រភេទកីឡារៀងខ្លួនៗ បើមានការខ្វះខាតត្រូវរាយការណ៍ជាបន្ទាន់ដើម្បី នាយកដ្ឋានផ្ដល់ជូនឲ្យបានទាន់ពេល វេលា។ លោកបានបន្តទៀតថា ចំពោះ មន្ត្រីដែលជាប់ភារកិច្ចការងារត្រូវបានក្រសួង ផ្គត់ផ្គង់ការហូបចុកស្នាក់នៅដោយយក ចិត្តទុកដាក់ខ្ពស់បំផុតដោយសហការជា មួយប្រធានប្រតិភូសិស្សរាជធានី-ខេត្តនីមួយៗ ដែលដឹកនាំកីឡាករកីឡាការិនីគ្រប់ប្រភេទឲ្យបានល្អប្រសើរ ពិសេសគឺការគោរពវិន័យ និងបទបញ្ជានៃការប្រកួតនិងត្រូវសហការល្អជាមួយអាជ្ញាធរមូលដ្ឋានដើម្បីងាយស្រួលក្នុងការជួយអន្ដរាគមន៍ដោះស្រាយនូវ បញ្ហាកើតឡើងជាយថាហេតុបានទាន់ ពេលវេលា ។
លោក ប៊ូ ជុំសេរី បន្តថា បច្ចុប្បន្ននេះ ដោយសាររលកកម្តៅមានការកើនឡើង ខ្ពស់ ដែល អាចប៉ះពាល់ដល់ការប្រកួតឬក៏សុខភាពកីឡាករកីឡាការិនី ដូច្នេះក្នុង នាមជាអ្នករៀបចំនិងដឹកនាំការប្រកួតត្រូវចេះរៀបចំចាត់ចែងឲ្យបានល្អប្រសើរឈរលើស្មារតីសាមគ្គីគ្នានិងទទួលខុសត្រូវខ្ពស់ធ្វើយ៉ាងណាឲ្យការប្រកួតប្រព្រឹត្តទៅដោយ រលូនគ្មានឧបសគ្គអ្វីមករាំងស្ទះបានឡើយ។
លោកអនុរដ្ឋលេខាធិការបានផ្ដាំផ្ញើ ដល់អាជ្ញាកណ្ដាលដឹកនាំការប្រកួតត្រូវគោរពគោលការណ៍បច្ចេកទេសឲ្យបានម៉ឺង ម៉ាត់ទៅតាមនិយាមអន្ដរជាតិត្រូវផ្ដល់ភាពសុក្រឹតក្នុងការកាត់ក្ដីមិនមានភាពលម្អៀង ធ្វើយ៉ាងណាឲ្យលទ្ធផលនៃការប្រកួតគឺ អាចទទួលយកបានទាំងអស់គ្នា ។
លោក ឌួង មាសចំរើន ប្រធាននាយក ដ្ឋានអប់រំកាយនិងកីឡាសិស្ស-និស្សិតបាន ឲ្យដឹងថា ក្នុងព្រឹត្តិការណ៍នេះ មានកីឡាករកីឡាការិនីសរុបចំនួន២.៨៨០នាក់ ដូចជា បាល់ទាត់ផ្នែកបុរសមានចំនួន២៥ក្រុម បាល់ទាត់នារីមាន២២ក្រុម ។ បាល់ទះ៤៨ ក្រុមក្នុងនោះមាននារី២៣ក្រុម, បាល់បោះ ៣៧ក្រុមក្នុងនោះនារីមាន១៧ក្រុម, អត្តពលកម្ម ៤៩ក្រុមក្នុងនោះមាននារី ២៤ក្រុម, ប៉េតង់ ១៩ក្រុម ក្នុងនោះមាន នារី៩ក្រុមនិងវាយកូនឃ្លីលើតុមានបុរស ៥ក្រុមនិងនារី៩ក្រុម ៕
ដោយ៖ សារីម