ភ្នំពេញ ៈ កូនស្រីសពអ្នកស្រី ហួត សារ៉ាវឌីរំពឹងថានឹងទទួលបានយុត្តិធម៌ គ្រាដែលក្រសួងមហាផ្ទៃកំពុងបន្តធ្វើកោសល្យវិច័យរកមូលហេតុពិតករណីស្លាប់តារាសម្ដែងអ្នកស្រី ហួត សារ៉ាវឌី កាលពីយប់ថ្ងៃទី១៤ ខែមេសា នៅខេត្ត ព្រៃវែង។ ការស៊ើបអង្កេតជាថ្មីនេះបន្ទាប់ពីសំណុំរឿងនេះមានភាពចម្រូងចម្រាស ដោយសារដំបូងឡើយអាជ្ញាធរមូលដ្ឋានសន្និដ្ឋានថា ជាគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែគ្រួសារជនរងគ្រោះអះអាងថា ជា ករណីប្លន់រំលោភសម្លាប់ ។
រហូតមក ដល់ពេលនេះក្រសួងមហាផ្ទៃ នៅមិន ទាន់រកឃើញថា ករណីស្លាប់តារាសម្ដែង អ្នកស្រី ហួត សារ៉ាវឌី តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែងនោះជាគ្រោះថ្នាក់ចរាចរណ៍ឬជាករណីប្លន់រំលោភសម្លាប់នៅឡើយ បន្ទាប់ពីរើកកាយសំណុំរឿងនេះជាងកន្លះខែហើយតាមបណ្ដឹងរបស់គ្រួសារជនរងគ្រោះ ។
ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោក សុខ ខេមរិន មាន ប្រសាសន៍ថា នាយកដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រ កំពុងពិនិត្យមើលលើឯកសារ និងសំណាកស្លាកស្នាមផ្សេងៗ ដែល ទទួលបានពីកន្លែងកើតហេតុ ។ លោក បញ្ជាក់ថា លទ្ធផលពិនិត្យសំណាកអាច នឹងចេញក្នុងរយៈពេលពីរបីថ្ងៃទៀត ។
អ្នកស្រី ហួត សារ៉ាវឌី និងស្វាមីក្រោយបានស្លាប់នៅក្បែរដងផ្លូវជាតិលេខ១ ស្ថិត ក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ ត្របែក កាលពីយប់ថ្ងៃទី១៤ ខែមេសា ខណៈដែលពួកគាត់ធ្វើដំណើរដោយម៉ូតូទៅលេងស្រុកកំណើតស្ថិតនៅឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ។
អាជ្ញាធរមូលដ្ឋានសន្និដ្ឋានថា ជាគ្រោះ ថ្នាក់ចរាចរណ៍ចំណែកគ្រួសារជនរងគ្រោះអះអាងថា ជាករណីប្លន់រំលោភសម្លាប់ ព្រោះនៅទីតាំងកន្លែងកើតនោះ មាន ភស្តុតាងជាច្រើនបញ្ជាក់ថា អ្នកស្រី ហួត សារ៉ាវឌី ពិតជាស្លាប់ដោយសារការរំលោភសម្លាប់បំបិទមាត់ដោយក្រុមក្មេងស្ទាវ ។
កូនច្បងរបស់អ្នកស្រី ហួត សារ៉ាវឌី គឺកញ្ញា ជុង សារ៉ាច័ន្ទ សង្ឃឹមថា ក្រសួង មហាផ្ទៃ នឹងផ្ដល់យុត្តិធម៌ដល់គ្រួសារពួកនាង ។
កញ្ញា ជុង សារ៉ាច័ន្ទ ធ្លាប់រៀបរាប់ថាក្នុងពេលកើតហេតុម្ដាយរបស់នាងបានទូរស័ព្ទស្រែកប្រាប់ថា ឲ្យជួយគាត់ផង ព្រោះមានក្មេងស្ទាវមួយក្រុមរត់ចេញពីកៀនថ្នល់ដៃ មានកាន់ដំបង ហើយវាយប្ដីរបស់គាត់ជាអ្នកបើកម៉ូតូចំកញ្ចឹងក រួចរេចង្កូតម៉ូតូដួលធ្លាក់ពីថ្នល់ ហើយក៏ដាច់ទូរស័ព្ទ។ ពេលនោះ សាច់ញាតិចេញស្វែងរកដែរ តែរកមិន ឃើញ លុះព្រឹកឡើងទើបមានអ្នកដំណើរប្រាប់ថា ពួកគាត់ស្លាប់ទៅហើយ។ កញ្ញា ជុង សារ៉ាច័ន្ទ ថ្លែងថាប្រសិនបើគ្រោះថ្នាក់ចរាចរណ៍មែន ក្បាលរបស់ម្ដាយនាងមិនអាចផុងម្ដងពីរកន្លែងទេ ហើយម៉ូតូបើ គ្រោះថ្នាក់ខ្លាំង ក៏មិនមែនវៀចតែកង់និងបែកស្តុបដែរគឺត្រូវខូចខាតធ្ងន់ធ្ងរជាង នេះ ។ ម្យ៉ាងទៀត បើបើកបុកបង្គោលក៏មិនអាចស្លាប់ម្ដងទាំងពីរនាក់ដែរ ព្រោះបង្គោល នោះទាបណាស់ ហើយម្ដាយរបស់នាងក៏មិនអាចដួលទៅរហូតដល់របូតខោចេញពីខ្លួនដែរហើយបើសិនជាដួលទៅកកិតនឹងថ្មក្រួស ហើយរហែករបូតខោនោះ គឺ ប្រហែលជាសាច់ភ្លៅ និងសាច់គូទគាត់អាចត្រូវដាច់រយះអស់ហើយមិនមែននៅល្អនោះទេ ។
ចំណែកសាកសពឪពុកចុងវិញ គឺផុងលលាដ៍ក្បាលខាងក្រោយដោយសារត្រូវគេវាយ។ នៅក្បែរសពក៏មានដំបងប៉ុនកំភួនជើងប្រឡាក់ឈាមទៀតផង ។
អ្នកស្រី ហួត សារ៉ាវឌី អតីតជាតារា សម្ដែង និងតារាចម្រៀងជើងចាស់មួយដួងដែលរួមជំនាន់ជាមួយអ្នកនាង អម្ពរ ទេវី និងធ្លាប់រួមសម្ដែងជាមួយតារាល្បីៗជាច្រើនទៀត។ អ្នកស្រីក៏ធ្លាប់គ្រងតំណែងជាតួឯងក្នុងរឿង “ភ្នំទាបជាងស្មៅ” និងរឿងជាច្រើនទៀតដែរ ៕
ហេង សូរិយា