តំណាងមជ្ឈមណ្ឌលគ្រប់គ្រងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ (CCSA) បានឱ្យដឹងថា ថៃមានគម្រោងបង្កើនពេលវេលាឱ្យអ្នកទេសចរបរទេសស្នាក់នៅ ក្នុងគោលដៅដំណើរការឡើងវិញវិស័យទេសចរណ៍ ក្រោយរយៈពេលបិទខ្ទប់ដោយសារតែកូវីដ-១៩ ។
មន្ត្រីថៃបានឱ្យដឹងថា សកម្មភាពខាងលើនឹងជួយដល់វិស័យសេដ្ឋកិច្ចប្រទេសជាតិដំណើរការល្អឡើងវិញ។ អ្នកទេសចរបរទេស នឹងស្នាក់នៅក្នុងប្រទេសថៃ បាន៣០ថ្ងៃ ហើយអាចបន្តបន្ថែម១៥ថ្ងៃទៀត សរុប៤៥ថ្ងៃ ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ សារព័ត៌មានថៃ Bangkok Post បានផ្សាយថាក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី២០ ខែសីហា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន១,៩០២ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន២៩នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន១,៩៨៦នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួនជាង ៤.៦៣លានករណី ក្នុងនោះមានអ្នកស្លាប់ ៣២,០០០នាក់ និងអ្នកជាសះស្បើយឡើងវិញគឺជាង ៤.៥៨លាននាក់៕ ដោយធីរីណា
រូបថត :Unsplash