ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សរបស់ខ្លួន លើករណីដែលហ្វេសបុ៊កមួយឈ្មោះថា អុក ចន្ថា ដែលបានសរសេរ
ខមិនក្នុងការឡាយថា «ឱ្យលុយតិចពេក ឡានទឹកវាមិនមកទេ» ក្នុងករណីអគ្គិភ័យឆាបឆេះឃ្លាំងលក់-ទិញរថយន្តមួយកន្លែង ដែលស្ថិតតាមបណ្តោយផ្លូវលេខ២៧៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែកក្កដាកន្លងទៅ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះ
ហ្វេសបុ៊ក អុក ចន្ថា ដែលបានសរសេរបែបនេះ ធ្វេីឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍មកកាន់លេខHotline របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ របស់យេីងតាមរយៈលេខ 666 / 097 7 3333 55 ភ្លាមៗនោះយេីងបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅដេីម្បីជួយធ្វើអន្តរាគមន៍សង្គ្រោះតែម្តង។ នៅពេលដែលក្រុមមន្ត្រីជំនាញមកដល់ទីតាំងកេីតហេតុភ្លាមៗ គឺដោយសារតែចរន្តអគ្គិសនីមិនទាន់បានបិទ ដូច្នេះយេីងរង់ចាំឱ្យខាងមន្ត្រីជំនាញអគ្គិសនីធ្វេីការបិទរួចរាល់ ទេីបក្រុមជំនាញធ្វេីការបាញ់ទឹកពន្លត់។
សូមម្ចាស់ហ្វេសបុ៊កឈ្មោះ អុក ចន្ថា ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលជំនាញនឹងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖សហការី