អស់​ព្រហ្មចារី​ព្រោះ​ចាញ់បោក​ថៅ​កែ​អាណិកជន​នៅ​បរទេស

ចែករំលែក៖

​ភ្នំពេញ​៖​ សង្គម​សម្ភារ​និយម​ និង​អំណាច​ទឹកប្រាក់​បាន​ជះ​ឥទ្ធិពល​យ៉ាង​ឆាប់រហ័ស​ មក​លើ​គ្រួសារ​ក្រីក្រ​ ដែល​ធ្វើ​ឲ្យ​គ្រួសារ​មួយ​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​អវិចី​ ដោយសារ​ការ​លោភលន់​របស់​ឪពុក​ម្តាយ​ ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវការ​មិន​ចេះ​ចប់​ បាន​លះបង់​កូនស្រី​របស់​ខ្លួន​ឲ្យ​ទៅ​ពួក​អ្នកមាន​ប្រាក់​ពោល​គឺ​អាណិកជន​ ឬ​ជនបរទេស​ដោយ​ពុំ​បានដឹង​ពី​ប្រវត្តិ​គេ​ជា​មុន​ឲ្យ​បាន​ច្បាស់លាស់​ផង​។​ ទីបំផុត​ពួក​គាត់​បាន​ត្រឹមតែ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ប៉ុណ្ណោះ​ សល់​ត្រឹមតែ​ភាព​សោកស្ដាយ​ និង​វិប្បដិសារី​នៅ​ជាប់​ខ្លួន​អស់​មួយ​ជីវិត​។​

​នារី​ម្នាក់​ឈ្មោះ​ សុ​គ​ន្ធា​ អាយុ​១៩​ឆ្នាំ​ រស់នៅ​ខេត្តបន្ទាយមានជ័យ​ ហើយ​ត្រូវ​បាន​ជនបរទេស​ ដែល​ប្រើ​ទឹកប្រាក់​បោកប្រាស់​បាន​នាំ​នាង​ឲ្យ​អ​ណ្ដែ​ត្រសែត​ឃ្លាត​ចាក​ស្រុក​កំណើត​ មក​ដល់​ភ្នំពេញ​ទម្លាយ​រឿង​អាថ៌​កំបាំង​ជីវិត​ពិត​របស់​នាង​ប្រាប់​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​ នាង​ជា​កូន​ទី​១​ក្នុង​ចំណោម​បងប្អូន​៣​នាក់​។​ នាង​ថា​ កាលពី​នាង​អាយុ​១៨​ឆ្នាំ​រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ​ដែល​ប្រកប​មុខរបរ​ធ្វើស្រែ​ចម្ការ​ និង​ម្តងម្កាល​ បាន​ដើរ​គួ​ក​ជេ​ដី​។​ ចាប់តាំងពី​ពួក​គាត់​ដើរ​គួ​ក​ជេ​ដី​មក​ឪពុក​ម្តាយ​នាង​ ក៏​បាន​ស្គាល់​ថៅកែ​ទិញ​ដី​ជា​អាណិកជន​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ម្នាក់​ ហើយ​ក៏​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ញឹកញាប់​។​ លុះ​ពេល​ប្រកប​មុខរបរ​នេះ​យូរៗ​ទៅ​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​ពីរ​មាន​ទំនាក់ទំនង​គ្នា​ល្អ​ “​ដូច​ទឹក​ និង​ត្រី​”​ ឬ​ “​បបូរមាត់​ និង​ធ្មេញ​ ”​។​ ពេល​នោះ​ចាស់ៗ​ក៏​បាន​ផ្គូរ​ផ្គង​ នាង​ជា​គូ​ទៅ​នឹង​កូនប្រុស​ថៅកែ​ អណិកជន​នោះ​ ។​ ​ ​

នាង​បាន​រៀបរាប់​បន្ត​ថា​ នៅ​ពេល​ដែល​គ្រួសារ​នាង​ និង​គ្រួសារ​អាណិកជន​នោះ​ចងសម្ព័ន្ធ​មេត្រីភាព​ឲ្យ​ស្រឡាញ់​កូនប្រុស​គេ​ជា​គូ​អនាគត​ ពេល​នោះ​នាង​ទើបតែ​អាយុ​១៨​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ពុំដែល​ស្គាល់​អ្វី​ទៅ​ហៅ​ថា​ ស្នេហា​នោះ​ទេ​ ពោល​គឺ​ពុំ​ទាន់​ចេះ​ស្រឡាញ់​ប្រុស​ណា​ម្នាក់​ឡើយ​។​ តែ​ដោយ​គិត​ថា​ “​នំ​មិនធំ​ជាង​នាឡិ៍​”​ ទើប​នាង​បាន​សម្រេចចិត្ត​គោរព​ប្រតិបត្តិ​តាម​សម្ដី​របស់​ឪពុក​ម្ដាយ​ ដែល​ជា​អ្នក​មានគុណ​។​ ក្រោយមក​មិនយូរ​ប៉ុន្មាន​ថៅកែ​ទិញ​ដី​ និង​ភរិយា​ ព្រមទាំង​កូនកំលោះ​ ក៏​បាន​មក​ដល់​ភ្នំពេញ​ ហើយ​ក៏​បាន​ចូល​ស្តីដណ្តឹង​នាង​តាម​ប្រពៃណី​ខ្មែរ​ឲ្យ​ទៅ​កូនប្រុស​របស់​គេ​។​ ​និយាយ​មក​ដល់​ត្រង់​ចំណុច​នេះ​ នាង​គ​ន្ធា​ក៏​ចាប់ផ្ដើម​អួល​ណែន​ដើម​.​ក​ ដំណក់ទឹកភ្នែក​ក៏​រមៀល​ស្រក់​មក​។​

​នាង​បន្ដ​ថា​ លុះ​ចប់​ពិធីស្តីដណ្តឹង​ក្រុម​គ្រួសារ​របស់​ថៅកែ​អណិកជន​នោះ​ក៏​បាន​ធ្វើ​ដំណើរ​ មក​ផ្ទះ​នាង​ ហើយ​ស្នាក់​នៅ​ទីនោះ​មួយ​យប់​។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់​ថៅកែ​ បាន​លួងលោម​បបួល​នាង​ទៅ​ដើរ​កម្សាន្ត​ ដោយ​លើក​ហេតុផល​ថា​ នាង​និង​កូន​គាត់​ជា​គូ​ដណ្ដឹង​នឹង​គ្នា​ និង​ដោយ​គោរព​តាម​សម្ដី​របស់​ឪពុក​ម្ដាយ​ នាង​ក៏​មិន​ហ៊ាន​បដិសេធ​អ្វី​ឡើយ​ ហើយ​ក៏​ទៅ​ជាមួយ​គូ​ដណ្តឹង​ ព្រមទាំង​ឪពុក​ម្តាយ​គេ​។​ តែ​ពេល​នោះ​គេ​មិន​បាន​នាំ​នាង​ទៅ​នៅ​ទីរួមខេត្ត​ដូច​ពាក្យ​ដែល​បាន​សន្យា​ គឺ​គេ​បង្ហួស​រថយន្ត​ទៅ​លេង​ខេត្ត​ឆ្ងាយៗ​ដូច​ជា​កំពត​ កំពង់សោម​ ព្រៃវែង​ ស្វាយ​រៀង​ បា​វិត​ និង​កំពង់ចាម​ អស់​រយៈពេល​មួយ​ខែ​។​ ពេល​នោះ​ហើយ​ដែល​នាង​ត្រូវ​ធ្លាក់​ចូល​ក្នុង​អន្ទាក់​តណ្ហា​ដោយ​មិនដឹង​ខ្លួន​ សូ​ម្បី​តែ​ទំនាក់ទំនង​ទៅ​ឪពុក​ម្តាយ​ ឬ​ទូរស័ព្ទ​ក៏​ត្រូវ​ហាមឃាត់​ដែរ​។​ ពេល​នោះ​គេ​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ទាសី​តណ្ហា​ដោយ​មិន​គិត​ពី​តម្លៃ​កេរ្តិ៍ឈ្មោះ​ និង​កិត្តិយស​ ភាព​ថ្លៃថ្នូរ​អ្វី​ឡើយ​។​

​ក្រោយ​ពី​នោះ​មក​គេ​ក៏​បាន​នាំ​នាង​ទៅ​កាន់​ព្រ​លាន​យន្តហោះ​ ដោយ​គេ​ប្រាប់​ថា​នឹង​នាំ​នាង​ទៅ​ជាមួយ​ដែរ​។​ គេ​និយាយ​ថា​ គេ​រត់ការ​សំណុំ​បែបបទ​រួច​ហើយ​។​ ប៉ុន្តែ​ពាក្យ​នាង​ថា​ សម្ដី​ទាំងនេះ​គ្រាន់តែ​ជា​ពាក្យភូតភរ​ប៉ុណ្ណោះ​ ព្រោះ​នាង​មិន​ដែល​ទៅ​សម្ភាសន៍​នៅ​ស្ថានទូត​អា​មេ​រិ​ក​ផង​ ធ្វើ​ម្តេចទៅ​នៅ​ស្រុក​គេ​កើត​។​ ឆ្លៀត​ឱកាសល្អ​ពេល​មក​ដល់​ព្រ​លាន​យន្តហោះ​នាង​ក៏​លួច​រត់​តែ​ម្តង​។​ ​

នាង​បាន​បញ្ជាក់​ថា​ ដោយសារ​ តែ​ឥទ្ធិពល​ដុល្លារ​ធ្វើ​ឲ្យ​នាង​ស្គាល់​សង្គម​ខាងក្រៅ​ ស្គាល់​ការ​លួងលោម​សុំ​ស្រឡាញ់​បោកប្រាស់​គ្រប់​បែប​យ៉ាង​ ហើយ​ធ្វើ​ឲ្យ​គ្រួសារ​នាង​ និង​រូប​នាង​បាន​ជួប​វិប្បដិសារី​អស់​មួយ​ជីវិត​។​

​នាង​សួរ​ខ្លួនឯង​ថា​ បើ​ដល់​ដំណាក់កាល​នេះ​ទៅ​ហើយ​ តើ​ត្រូវធ្វើ​យ៉ាងណា​បើ​គ្រប់យ៉ាង​ដែល​កើតឡើង​ គឺ​សុទ្ធតែ​ដោយ​ការ​បង្ខិតបង្ខំ​របស់​ឪពុក​ម្តាយ​ទាំង​អស់នោះ​នោះ​?​ ​នាង​បាន​ដំឡើង​សំឡេង​ ហាក់​ចង់​បញ្ចេញ​ភាព​ឈឺចាប់​ឲ្យ​អស់ពី​ខ្លួន​ថា​ ពេល​នេះ​ខ្ញុំ​ចង់​តែ​សម្លាប់​ខ្លួន​ លែង​ចង់​រស់នៅ​លើ​លោក​នេះ​ទៀត​ឡើយ​ ហើយ​ក៏​លែង​ចង់​ឃើញ​ពិភពលោក​ដែល​ពេញ​ទៅ​ដោយ​ក្តី​ឈឺចាប់​ខ្លោចផ្សា​សម្រាប់​ជីវិត​ខ្ញុំ​នេះ​តទៅ​ទៀត​ដែរ​។​ តើ​ច្បាប់​អាច​ចាប់​មនុស្ស​ប្រើ​ល្បិច​បោកប្រាស់​ព្រហ្មចារី​យ៍​ក្មេង​ស្រី​នៅ​ស្រុកស្រែ​ ដូច​ជា​រូប​ខ្ញុំ​នេះ​ដែរ​ទេ​?​ ​

នាង​បាន​ផ្ដាំផ្ញើ​ដល់​ក្មេង​ស្រីៗ​ជា​ច្រើន​នៅ​ស្រុកស្រែ​ ថា​ត្រូវ​ប្រយ័ត្ន​ជួបនឹង​អកុសល​ដូច​ជា​រូប​នាង​។​ ដោយសារ​តែ​ឥទ្ធិពល​នៃ​ដុល្លារ​ធ្វើ​ឲ្យ​អ្នកស្រុក​ស្រែ​ចម្ការ​ត្រូវ​បាត់បង់​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​បុរាណ​ ដែល​ធ្លាប់​មាន​យូរយារ​ណាស់​មក​ហើយ​នោះ​ លើស​ពី​នេះ​ទៀត​ ថែម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​កេ​រិ៍្ដ​ឈ្មោះ​ ក្រុម​គ្រួសារ​ ត្រូវ​រស់នៅ​ក្រោម​ក្ដី​អាម៉ាស់​អស់​មួយ​ជីវិត​ ៕​ វិបុល

...

o

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print