កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានបើកការវាយប្រហារពីលើដែនអាកាសទៅកាន់ទីក្រុង Taiz ទឹកដីយេមែនសម្លាប់មនុស្សយ៉ាងតិច៥៥នាក់ និង១០នាក់ផ្សេងទៀតរងរបួស ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន សាបា របស់គ្រងគ្រងដោយក្រុមឧទ្ទាមហ៊ួទី ។
កម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានធ្វើប្រតិបត្តិការវាយប្រហារពីលើដែនអាកាសប្រឆាំងទៅលើក្រុមឧទ្ទាមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់តាមជំរំនានាក្នុងទូទាំងទឹកដីយេមែនចាប់តាំងពីខែមីនា ឆ្នាំ២០១៥រហូតមកទល់ពេលនេះ ក្នុងបំណងដាក់ឲ្យដំណើរការឡើងវិញរដ្ឋាភិបាលប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលកំពុងនិរទេសខ្លួននៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនោះ ។
ទីភ្នាក់ងារព័ត៌មាន សាបា បានស្រង់ប្រភពព័ត៌មាននៅក្នុងតំបន់ Taiz មកផ្សព្វផ្សាយថា ការទម្លាក់គ្រាប់បែកបានធ្វើឡើទៅលើគោលដៅទៅលើតំបន់ Mokha ដែលទីតាំងស្នាក់នៅភាគច្រើនរបស់ក្រុមវិស្វករ និងក្រុមកម្មកររោងចក្រអគ្គិសនី និងអ្នកខ្លះទៀតជាជនអនាថា ។
ប្រភពបន្តថា ចំនួនជនរងគ្រោះបាត់បង់ជីវិតអាចមានច្រើនជាងនេះ ដោយសារថ ក្រុមជួយសង្គ្រោះនៅតែបន្តធ្វើកិច្ចការរបស់ខ្លួននៅតំបន់កើតហេតុខាងលើ ហើយម្យ៉ាងវិញទៀតមានអ្នករងរបួសធ្ងន់ច្រើននាក់ ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនៅជិតៗនោះ ។
សមរភូមិនៅក្នុងប្រទេសយេមែននាពេលនេះហាក់បានជ័យជម្នះទៅលើកងកម្លាំងស្មោះត្រង់លោកប្រធានាធិបតី Hadi ។ កាលពីពេលថ្មីៗនេះ កងទ័ពស្មោះត្រង់រដ្ឋាភិបាលនិរទេសខ្លួនបានវាយប្រហារបណ្តេញក្រុមឧទ្ទាមហ៊ួទីរត់ខ្ចាត់ខ្ចាយអស់ចេញពីទីក្រុងកំពង់ផែអាដែន ស្ថិតនៅភាគខាងត្បូង ព្រមទាំងតំបន់ជុំវិញនោះផងដែរ ។
ចាប់តាំងពីពេលនោះមក យន្តហោះចម្បាំងបានចុះចតនៅអាកាសយានដ្ឋានទីក្រុងអាដេន ដឹកសម្ភារដែលចាំបាច់ ក៏ដូចជាជួយដំណើរការឡើងវិញនូវអគាររដ្ឋាភិបាលទាំងឡាយដែលបានបិទទ្វារនាពេលកន្លងមកដោយសារតែការវាយប្រហារគ្នានោះ ។
ទីក្រុងអាដេន និងខេត្តភាគខាងត្បូងទីក្រុងនេះ ជាទីតាំងដែលលំបាកបំផុតនៅក្នុងការចូលទៅកាន់ទីនោះដើម្បីផ្តល់ជំនួយម្ហូបអាហារដែលចាំបាច់របស់អង្គការសហប្រជាជាតិ។ នៅទីតនោះមានមនុស្សរស់នៅប្រមាណ១៣លាននាក់ ហើយក្នុងចំណោមពួកគេជាងពាក់កណ្តាល មានកង្វះខាត និងត្រូវការជំនួយសង្គ្រោះបន្ទាន់ ៕