ខេត្ដកំពង់ឆ្នាំង ៖ លោកស័ក្ដិ៤និងជា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ ឆ្នាំងត្រូវបានស្ដ្រីម្នាក់ដែលគេដឹងថា ជា គូស្នេហ៍កំណាន់ចិត្ដលួចលាក់ពីប្រពន្ធ បានប្ដឹងទារជំងឺចិត្ដចំនួន២០លានរៀល បន្ទាប់ពីលោកស័ក្ដិិ៤រូបនេះវាយទាត់ ធាក់ស្ដ្រីរងគ្រោះឱ្យរបួសជាំពេញខ្លួន ។
បើតាមប្រភពពីមិត្ដភ័ក្ដស្ដ្រីរងគ្រោះ បានឱ្យដឹងថា លោកស័ក្ដិ៤ដែលមានតួ នាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាលហើយត្រូវបានស្ដ្រីរងគ្រោះប្ដឹង ឈ្មោះ ទេព សារ៉ាត់ ដែលបណ្ដឹងរបស់ ស្ដ្រីរងគ្រោះប្ដឹងទារជំងឺចិត្ដបន្ទាប់ពី លោក ទេព សារ៉ាត់ បានប្រើអំពើហិង្សា យ៉ាងចាស់ដៃទៅលើស្ដ្រីរងគ្រោះកាលពី វេលាម៉ោង១១និង៤០នាទីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិកណ្ដាល សង្កាត់-ក្រុង-ខេត្ដកំពង់ឆ្នាំង ។
បើតាមបណ្ដឹងស្ដ្រីរងគ្រោះឈ្មោះ ឌុក ឌីឡុម នៅកន្លែងសមត្ថកិច្ចបានរៀបរាប់ ថា កាលពីវេលានិងថ្ងៃកើតហេតុខាង លើមានមិត្ដភ័ក្ដិប្រុសស្រី៣នាក់បានមក លេងផ្ទះរបស់នាង។ លុះបន្ទាប់មកមិត្ដ ភ័ក្ដិរបស់នាងពីរនាក់បានលាទៅផ្ទះរបស់ គេមុន តែនៅមិត្ដប្រុសម្នាក់ឈ្មោះ ផូ ធី រ៉ាក់ នៅបន្ដអង្គុយជជែកគ្នាលេង។ ចៃដន្យពេលនោះស្រាប់តែលោក ទេព សារ៉ាត់ (ជនដៃដល់) មកដល់សង្ស័យ ប្រចណ្ឌនាងជាមួយនឹងមិត្ដភ័ក្ដិក៏បាន ស្ទុះមកវាយលើនាងតែម្ដងដោយពុំបាន និយាយអ្វីសូម្បីមួយមាត់។ នៅក្នុងបណ្ដឹង ស្ដ្រីរងគ្រោះបានរៀបរាប់ទៀតថា ជនដៃ ដល់បានវាយចំមុខរបស់នាងនិងដាល់ចំ ភ្នែកបណ្ដាលឱ្យជាំនិងងឹតមុខដួលនៅ នឹងកន្លែង។
ស្ដ្រីរងគ្រោះ ឈ្មោះ ឌុក ឌីឡុម បាន បញ្ជាក់ឱ្យដឹងថា រូបគាត់និងឈ្មោះ ទេព សារ៉ាត់ ស្គាល់គ្នាប្រហែលជា៥ខែទៅ៦ខែ ប៉ុណ្ណោះកន្លងមករូបនាងតែងតែបដិសេធនិងបានប្រាប់ទៅឈ្មោះ ទេព សារ៉ាត់ ថា លោកមានប្រពន្ធ និងកូនរួចហើយរូប គាត់មិនអាចទទួលការស្រឡាញ់បាន ទេ ។ ប៉ុន្ដែឈ្មោះ ទេព សារ៉ាត់ មិនព្រម ស្ដាប់ឡើយហើយថែមទាំងគំរាមលើរូបនាងថា មិនឱ្យទំទាក់ទងទៅកាន់អ្នកណា ទៀតនិងធ្លាប់បានធ្វើការគម្រាមច្រើន លើកច្រើនសាមកហើយតែចេះតែទ្រាំ ទៅបើទោះបីជារូបនាងសុំលោក ទេព សារ៉ាត់ ទៅយកប្ដីក៏ដោយក៏គេមិនព្រមដែរ ។
រូបនាងបានឱ្យដឹងដែរថា គាត់វ៉ៃលើ រូបនាងពីព្រោះតែប្រចណ្ឌលើកនេះនាង ទ្រាំលេងបានក៏សម្រេចចិត្ដប្ដឹងទៅកាន់ តុលាការដើម្បីទាមទារយុត្ដិធម៌ ។ ក្រោយ ពីវ៉ៃរូបនាងរួចហើយលោក ទេព សារ៉ាត់ បានប្រាប់នាងថាបើចង់ទៅប្ដឹងតុលាការប្ដឹងទៅ ។
លោក ទេព សារ៉ាត់ បានបញ្ជាក់ ប្រាប់ឱ្យដឹងថា រូបលោកនិងនាង ឌុក ឌីឡុម ធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយប្រហែល៣ឆ្នាំហើយកន្លងមករូបនាងមិនមានភាពស្មោះត្រង់និងរូប លោកដោយលួចលាក់មានប្រុសថ្មី។ ប៉ុន្ដែហេតុការណ៍ពីថ្ងៃទី២៤ ខែកក្កដា ២០១៥ វេលាម៉ោងប្រហែល១១និង៤០ នាទីនោះ រូបលោកមិនបានវ៉ៃឡើយ គឺរូបលោកគ្រាន់តែទាញអាវរបស់នាង រួចក៏ដួលទៅចំក្បាលសសរផ្ទះបណ្ដាល ឱ្យរបួសតែម្ដង ។ ពាក់ព័ន្ទករណីនេះ លោកយូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ដកំពង់ឆ្នាំងបានប្រាប់ នគរវត្ដនៅថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០១៥ ថាករណីបណ្ដឹងរបស់ស្ដ្រីរងគ្រោះ ទើបតែបានដាក់ចូលដល់កន្លែងរដ្ឋបាល អយ្យការសាលាដំបូងខេត្ដនៅថ្ងៃនេះ ចំពោះចំណាត់ការយ៉ាងណានោះនៅមិនទាន់បានធ្វើនៅឡើយនោះទេតែនឹងបន្ដ ទៅតាមនីតិវិធី ។
ក្នុងបណ្ដឹងស្ដ្រីរងគ្រោះបានសំណូមពរ ឱ្យចាត់ការជនដៃដល់តាមផ្លូវច្បាប់និង ទាមទារជំងឺចិត្ដចំនួន២០លានរៀល។ តាមប្រភពបានបង្ហើបថា លោក ទេព សារ៉ាត់ កន្លងទៅតែងតែប្រចណ្ឌស្ដ្រី រងគ្រោះជាមួយនឹងអ្នកផ្សេង ហើយលោក ទេព សារ៉ាត់ តែងតែបានហាមឃាត់ ស្ដ្រីរងគ្រោះកុំឱ្យទាក់ទងជាមួយនឹងមិត្ដភ័ក្ដិពិសេសមិត្ដប្រុស ។ កាលដែល លោកទេព សារ៉ាត់ វាយដំស្ដ្រីរងគ្រោះ ព្រោះតែលោកប្រចណ្ឌស្ដ្រីរងគ្រោះជា មួយមិត្ដប្រុសរបស់នាង ឈ្មោះ ផូ ធីរ៉ាក់ នេះឯង ។
ករណីនេះប្រជាពលរដ្ឋរស់នៅជិត កន្លែងកើតហេតុរិះគន់ថា លោក ទេព សារ៉ាត់ខ្លួនជាប្រុសមិនគួរប្រើដៃធ្ងន់មកលើស្ដ្រីភេទនោះទេ ។ មួយវិញទៀតលោក ជាមន្ដ្រីអនុវត្ដច្បាប់គួរគោរពច្បាប់ ទម្លាប់ ។ បញ្ហានេះលោកស្នងការខេត្ដ កំពង់ឆ្នាំងត្រូវមានវិធានការទៅលើ លោកទេព សារ៉ាត់ កុំឱ្យនគរបាលជាតិ ទូទាំងប្រទេសយកគម្រូអាក្រក់នេះ ៕ ចន្ថា