ភ្នំពេញ៖ យុវជនពីរនាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលខណះពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាឆ្លងផ្លូវហើយត្រូវរថយន្ដតាក់សីុម៉ែត្របុកពេញទំហឹងនិងអូសប្រហែល១០០ម៉ែត្រទើបរថយន្ដឈប់ បណ្តាលអោយរងរបួសធ្ងន់និងស្រាលទាំង៣នាក់ ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៤៥នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចស្ពាននាគ តាមបណ្ដោយមហាវិថីព្រះនរោតម្ដកែងនិងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញយុវជនបីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុង ពណ៍ទឹកប៊ឹុច ពាក់ស្លាកលេខ កណ្ដាល 1E-5284 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកើតទៅលិចហើយបានឆ្លងមហាវិថីព្រះនរោតម្ដ។ ប្រភពបានបន្តថាៈ ពេលដែលម៉ូតូកំពុងតែឆ្លងផ្លូវក៏បានរថយន្ដតាក់សីុម៉ែត្រមួយគ្រឿងពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AE 8302 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោតម្ដ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបុកម៉ូតូពេញទំហឹងបណ្ដាលអោយអ្នកជិះម៉ូតូទាំងបីនាក់ខ្ទាតចេញពីម៉ូតូរងរបួសត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជួយហៅរថយន្តមកដឹកយកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូគៀបជាប់ក្រោមរថយន្ដអូសជិត១០០ម៉ែត្ររងការខូចខាតផងដែរ។ បន្ទាប់ពីកើតហេតុរួចបានមួយសន្ទុះ មានរថយន្ដម៉ាកព្រូសមួយគ្រឿងពណ៍សរពាក់ស្លាកលេខ ភ្នំពេញ2AF 0155 បានរំដោះតៃកុងរថយន្ដបង្កចេញពីកន្លែងកើតហេតុ ហើយត្រូវបានអ្នកនៅកន្លែងកើតហេតុនាំគ្នាជិះម៉ូតូដេញតាមរហូតទៅដល់ខាងមុខមន្ទីរពេទ្យ រ៉ូយ៉ាល់រតន:ទើបឃាត់បានមកវិញដោយមិនចង់នៅទទួលខុសត្រូវចំពោះមុខច្បាប់ ហើយចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា អ្នកបើកបរមួយចំនួនមិនមានការទទួលខុសត្រូវការពិត ដោយសំអាងមានបញ្ហាបន្តិចបន្តួចទូរស័ព្ទហៅមិត្តភ័ក្រ្តមករំដោះចេញគេចយករួចខ្លួន ធ្វើដូចជាប្រទេសគ្មានច្បាប់ ហើយម៉្យាងវិញទៀតរថយន្តតាក់ស៊ីភាគច្រើនបើកលឿនមិនសូវគោរពច្បាប់ចរាចរណ៍ អាងតែមិនមែនរថយន្តរបស់ខ្លូនបើកបរព្រហើន មិនញញើតច្បាប់ ពេលមានអាសន្នគឺរត់ចោលរថយន្តមិនហ៊ានដោះស្រាយ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះធ្វើការវាស់វែងយករថយន្ដនិងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ ព្រែកជ័យ