លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក MORINAGA TARO ប្រធានវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិ សម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក MORINAGA TARO ជាប្រធាន និងគណៈប្រតិភូ នៃ UNAFEI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារមួយចំនួនដែលពាក់ព័ន្ធនឹងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

ថ្លែងក្នុងជំនួបនេះ, លោក MORINAGA TARO បានលើកឡើងអំពីគោលបំណងនៃការស្នើសុំជួប លោករដ្ឋមន្រី្តនៅពេលនេះ ម្យ៉ាង ដើម្បីជួបសម្តែងការគួរសមជាមួយលោករដ្ឋមន្ត្រី និងម្យ៉ាងទៀត ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា រួមទាំងដើម្បីពិនិត្យលទ្ធភាពអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាង UNAFEI និងក្រសួងយុត្តិធម៌កម្ពុជា។

មានប្រសាសន៍ក្នុងឱកាសជំនួបនេះ, លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ UNAFEI ដែលបានអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ ទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនកន្លងទៅថ្មីៗនេះ។លោករដ្ឋមន្រ្តី បានជម្រាបជូនលោក MORINAGA TARO អំពីកិច្ចដំណើរការនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា និងបានគូសរំលេចអំពីស្ថានភាពជាក់ស្តែងមួយចំនួនរបស់សង្គមកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តទោស ក៏ដូចជាបញ្ហាប្រឈមមួយចំនួនដែលអាចនឹងកើតមានឡើងក្នុងករណីដែលទោសការងារសហគមន៍ត្រូវបានដាក់ឱ្យអនុវត្តក្នុងពេលចំពោះមុខនេះ។ ទន្ទឹមនេះ, លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងស្នើឱ្យ UNAFEI ពិនិត្យលទ្ធភាពផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជាពាក់ព័ន្ធនឹងកិច្ចការកែទម្រង់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា ជាអាទិ៍ :
(១)-ការចូលរួមសិក្សាស្រាវជ្រាវ និងផ្តល់យោបល់លើការរៀបចំ និងធ្វើវិសោធនកម្មច្បាប់នានាក្នុងវិស័យព្រហ្មទណ្ឌ សំដៅឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃសង្គមកម្ពុជា ។
និង(២)-ការចូលរួម និងការផ្តល់ការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត ពាក់ព័ន្ធនឹងជំនាញបច្ចេកទេសនានាក្នុងកិច្ចដំណើរការនៃនីតិវិធីព្រហ្មទណ្ឌ ជាពិសេស ជំនាញស៊ើបអង្កេត ក៏ដូចជា ជំនាញធ្វើកោសលវិច័យលើភស្តុតាងក្នុងសំណុំរឿងព្រហ្មទណ្ឌ។

បន្ទាប់ពីជំនួបនេះ, លោក MORINAGA TARO និងគណៈប្រតិភូ នៃ UNAFEI នឹងបន្តជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសរបស់ក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាអំពីគម្រោងលម្អិតនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងក្រសួងយុត្តិធម៌ ជាមួយនឹង UNAFEI ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print