ភ្នំពេញ៖ ក្នុងឱកាសប្រារព្វពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជាថ្ងៃទី១៦ ឧសភា ១៩៤៥ ថ្ងៃទី១៦ ឧសភា ២០១៦ នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ សម្តេចហោម សម្តេច ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងអង្គការសមាគមជាតិអន្តរជាតិ សុំជួយចូលរួមសហការជាមួយកងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឲ្យសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិឲ្យយើងមានភាពល្អប្រសើរឡើង។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរថា ក្នុងរយៈពេលកន្លងមកនេះកងកម្លាំងនគរបាលជាតិ ដែលបានប្រសូតចេញពីកូនចៅពលដ្ឋខែ្មរគ្រប់ជំនាន់ បានឆ្លងកាត់ឧបសគ្គជាច្រើន ហ៊ានពលីជីវិតគ្រប់បែបយ៉ាង និងបានប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
សម្តេចក្រឡាហោម មានប្រសាសន៍ថា ក្នុងនោះដែរ កងកម្លាំងនគរបាលជាតិក៏បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនរាប់មិនអស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ការពារឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី រក្សាស្ថិរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកល ប៉ុនប៉ងធ្វើវិទ្ធង្សនា អំពើភេរវកម្ម បង្កា និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងការពារអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ រក្សាសុខសុវត្ថិភាពនៅមូលដ្ឋាន និងរបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម ក្រៅពីនេះកងកម្លាំងនគរបាលក៏បានចូលរួមលេណដ្ឋានសមរភូមិជាមួយកងទ័ពនៃកងយោពលខេមរភូមិន្ទ ការពារខែ្សបន្ទាត់បង្គោលខ័ណ្ឌសីមាព្រំដែនផងដែរ។
សម្តេចក្រឡាហោមថា តាមរយៈកិច្ចខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នោះ បានជំរុញឲ្យកម្ពុជាមានស្ថេរភាពនយោបាយ បន្តសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% និងចំណូលប្រជាពលរដ្ឋជាមធ្យមម្នាក់ៗកើនដល់១៣២៥ដុលា្លអាមេរិចក្នុមួយឆ្នាំ។
លោកនាយឧត្តមសេនីយ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងបញ្ជាក់ថា ក្នុងឆ្នាំ២០១៥កន្លងមក នគរបាលជាតិបានប្រមូលផ្តុំអនុវត្តភារកិច្ចស្នូលរបស់ខ្លូន ក្នុងការថែរក្សាសន្តិសង្គម ធ្វើឲ្យបទល្មើសបន្តថយចុះ៤%បន្ថែមទៀត បើធៀបឆ្នាំ២០១៤ ដែលមានត្រឹម២៧០៨ករណី លើ ២៨១៤ករណី និងបានចាត់វិធានការបង្ក្រាបបណ្តាករណីបទល្មើសកើនឡើងរហូតដល៧៩% ឃាត់ខ្លួនជនល្មើសបានជាង៣០០០នាក់ ៕
ដោយ៖ តាឡឹម