ជ្រោយចង្វារ ៖ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានរៀបចំពីធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅភូមិចាស់ ក្នុងសង្កាត់ព្រែកតាសេក និងផ្សព្វផ្សាយអំពីនិតិវិធីមួយចំនួន នៃការចុះប្រមូលទិន្នន័យ វាស់វែងបំពេញសលាកប័ត្រក្បាលដី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋភូមិចាស់ ដែលត្រូវកាត់ចេញពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ។
ពិធីនេះប្រព្រឹត្តធ្វើឡើងនៅគេហដ្ឋានរបស់លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក ក្រោមអធិបតីភាព លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខណ្ឌ-សង្កាត់ និងមន្ត្រីការិយាល័យជំនាញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកពីភូមិដើមគរ និងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក អឿ ស៊ីផុន ចៅសង្កាត់ បានមានប្រសាសន៍ថា ចំពោះសង្កាត់ព្រែកតាសេក គឺមានភូមិចាស់ចំនួន ០២ភូមិ មានប្រជាពលរដ្ឋ ៣៧៤គ្រួសារ ស្មើនឹង ៣៧៤ក្បាលដី សរុបផ្ទៃដីប្រមាណ ២៨៤,២០២.២៥ម២ ក្នុងនោះភូមិដើមគរមានប្រជាពលរដ្ឋ ១៩០គ្រួសារ ស្មើនឹង ១៩០ក្បាលដី មានផ្ទៃដីសរុប ៦៤,២០២.៨០ម២ និងភូមិព្រែកតាសេក មានប្រជាពលរដ្ឋ ១៨៤គ្រួសារ ស្មើនឹង ១៨៤ក្បាលដី មានផ្ទៃដីសរុប ២១៩,៩៩៩.៤៥ម២ ដែលត្រូវបានរាជរដ្ឋាភិបាល និងក្រុមហ៊ុន ឯកភាពកាត់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ។
លោក កាយ សុខហៃ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌជ្រោយចង្វារ បានធ្វើការណែនាំនូវចំណុចសំខាន់ ក៏ដូចជាតម្រូវការឯកសារចំបាច់មួយចំនួនដែលពាក់ព័ន្ធនឹងការចុះបញ្ជីដូចជា៖ ឯកសារដីធ្លី ឬលិខិតកាន់កាប់ដីធ្លី ឬលិខិតបញ្ជាក់ប្រវត្តិដីពីអាជ្ញាធរមានសមត្ថកិច្ច, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងណែនាំឱ្យប្រជាពលរដ្ឋធ្វើការកាប់ឆ្ការព្រៃចេញពីដីរបស់ខ្លួន និងធ្វើការបោះបង្គោលព្រំដីឱ្យបានរួចរាល់ ដើម្បីងាយស្រួលដល់ក្រុមការងារចុះធ្វើការវាស់វែង និងកាត់បន្ថយពេលវេលាបានមួយកម្រិតថែមទៀតផង។ លោក កាយ សុខហៃ ក៏បានបញ្ជាក់បន្ថែមដែរថា ក្រុមការងារមិនធ្វើការវាស់វែងលើដីដែលជាដីចំណីទន្លេឡើយ ព្រោះជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងមិនធ្វើការវាស់វែងដីដែលពុំមែនកាន់កាប់ដោយប្រជាពលរដ្ឋដែលមានសញ្ជាតិខ្មែរផងដែរ។
ក្នុងឱកាសនោះ លោក ឃ្លាំង ហួត អភិបាលខណ្ឌបានលើកឡើងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ លោកបានមកជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅទីនេះម្តងរួចមកហើយ ដោយពេលនោះលោកបានជម្រាបបងប្អូនថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងតាមការឯកភាពរបស់ក្រុមហ៊ុនOCIC គឺភូមិចាស់ត្រូវបានរក្សាទុកឱ្យនៅដដែល ដោយភូមិចាស់ត្រូវបានកាត់ចេញពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប។ ដូចនេះ ថ្ងៃនេះ សូមបងប្អូនឈប់មានការព្រួយបារម្មណ៍អំពីបញ្ហាភូមិចាស់នេះតទៅទៀតអី ព្រោះថាពេលថ្មីៗនេះរាជរដ្ឋាភិបាលបានសម្រេចលុបចោលអនុក្រឹត្យចាស់ និងបានចេញអនុក្រឹត្យថ្មីមួយទៀត ដោយបានកាត់ភូមិចាស់ចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ដូច្នេះមានន័យថាករណីភូមិចាស់ត្រូវបានចប់សព្វគ្រប់ គឺនៅតែចុះបញ្ជីធ្វើបណ្ណ័កម្មសិទ្ធិស្របតាមនីតិវិធីសុរិយោដីតែប៉ុណ្ណោះ។ លោកបានបន្តថា ដើម្បីឱ្យដំណើរការចុះប្រមូលទិន្នន័យ វាស់វែងបំពេញសលាកប័ត្រក្បាលដី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋភូមិចាស់ ទទួលបានលទ្ធផលល្អ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុមការងារខណ្ឌ និងការិយាល័យជំនាញសុរិយោដីខណ្ឌ ដែលនឹងត្រូវចាប់ដំណើរការអនុវត្តពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ និងត្រូវរៀបចំឯកសារពាក់ព័ន្ធនានាដែលលោកប្រធានការិយាល័យភូមិបាលខណ្ឌ បានលើកឡើងខាងលើ។
លោក ឃ្លាំង ហួត បន្តថា ក្រុមការងារជំនាញត្រូវធ្វើការសិក្សាកំណត់អំពីទំហំផ្លូវ និងការដាក់លូ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានរួចរាល់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ទាំងអស់គ្នា ក្នុងករណីធ្វើផ្លូវ ឬដាក់ប្រព័ន្ធលូប៉ះពាល់ដីលំនៅដ្ឋានរបស់បងប្អូន ដើម្បីឱ្យផ្លូវបានធំទូលាយ និងចៀសវាងការលិចលង់ភូមិដ្ឋាននារដូវវស្សាផងដែរ។
លោក ឃ្លាំង ហួត ក៍បានឱ្យដឹងទៀតថា ដីតំបន់នេះរយៈពេលប្រមាណជា៥ឆ្នាំទៅមុខទៀត នឹងក្លាយជាតំបន់មាស តំបន់ពេជ្រ តម្លៃដីនឹងកើនឡើងខ្ពស់ ព្រោះទីក្រុងរណបនេះជាតំបន់ពាណិជ្ជកម្មអន្តរជាតិថ្មីមួយ ដែលអាចបំពេញតាមមហិច្ឆតាគ្រប់យ៉ាងក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងរបៀបនៃការរស់នៅ ហើយតំបន់នេះទាក់ទាញក្រុមអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដែលអាចជួយបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើននូវជីវភាពរស់នៅដ៏ទាន់សម័យមួយផងដែរ ទីក្រុងនេះនឹងមានតំបន់ពាណិជ្ជកម្មពិសេស តំបន់អាជីវកម្មដែលឈានមុខគេ និងជាទិសដៅទេសចរណ៍ដែលមិនអាចរំលងបាន ព្រមទាំងមានពហុកីឡាដ្ឋានស្តង់ដារ ក្លឹបសមាជិកកីឡា មន្ទីរពេទ្យ សាលារៀន ផ្សារទំនើប សមាគម ទីលានលេងកម្សាន្ត សួរច្បារ និងអគាររដ្ឋាភិបាល ចំណតកាណូតជិះកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ មជ្ឈមណ្ឌលតាំងពិព័ណ៌ និងសន្និបាតលំដាប់ថ្នាក់ពិភពលោក និងសំណង់អគារខ្ពស់ៗជាច្រើនទៀត។
ក្នុងពិធីសំណេះសំណាលនោះដែរ ប្រជាពលរដ្ឋបានសម្តែងនូវការត្រេកអរ សប្បាយរីករាយយ៉ាងខ្លាំង និងគោរពថ្លែងអំណរគុណចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខដឹកនាំ ដែលបានចេញអនុក្រឹត្យកាត់ភូមិចាស់ និងធ្វើបណ្ណ័សម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុជូនពួកគាត់ថែមទៀតផង៕
សីលា