ប្រជាពលរដ្ឋធ្វើដំណើរដោយរថយន្ត ឆ្លងកាត់ទន្លេមេគង្គចំណុចភូមិថ្មី(ស្រុកកំពង់សៀម) ឆ្ពោះទៅត្រើយម្ខាង គឺភូមិខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាមរាយការណ៍ថា កំពង់ចម្លងមួយនេះទារលុយពីអ្នកឆ្លងស្រេចតែនឹងចិត្តនឹកឃើញ ។ អ្នកធ្វើដំណើរតាមរថយន្តធុនតូច(កាមរី, កូរូឡា) ត្រូវគេទារ១ម៉ឺន៥ពាន់រៀល ។ រថយន្តធំជាងនេះ ដូចជាឡិចស៊ីស ៣០០, ៣៣០ ឬក៏ហាយឡេនឌ័រ ត្រូវគេទារ២ម៉ឺនរៀល ។ សម្រាប់រដូវប្រាំង ការឆ្លងនៅចំណុចនេះ មិនជាឆ្ងាយពេកទេ តែនៅរដូវវស្សា អាចថា ឆ្ងាយបន្តិច ។
ប្រភពពីអ្នកធ្វើដំណើរឆ្លងកាត់កំពង់ចម្លងនេះ អះអាងថា ការទារថ្លៃឆ្លងមិនមានចុងសំបុត្រត្រឹមត្រូវទេ ដោយអាស្រ័យទៅលើបបូរមាត់អ្នកទារ ។ នៅពេលព្រលប់ តម្លៃការឆ្លងផ្សេងទៅវិញ ។ ប្រជាពលរដ្ឋឆ្លងកាត់ទីនោះ លើកដំបូងចង់បានសំបុត្រ ប៉ុន្តែ ម្ចាស់ទូកដ អះអាងថា ជាទម្លាប់ ពួកគេមិនដែលប្រើប្រាស់សំបុត្រនោះទេ ។ វាក្លាយទៅជាទម្លាប់ ដែលពួកគេទារលុយស្រេចតែនឹងចិត្តពីអ្នកដំណើរឆ្លងកាត់ ។
ប្រជាពលរដ្ឋរាយការណ៍ថា វាគួរតែមានការកំណត់តម្លៃជាក់លាក់នៅមុខកំពង់ចម្លង ដូចអ្វីដែលគេបានធ្វើនៅច្រកចូលផ្សារៗនានា ឬក៏ត្រូវមានសំបុត្រ លក់ដោយមានបញ្ជរត្រឹមត្រូវ ។ ការដែលពួកឈ្មួញថៅកែកំពង់ចម្លងអាចធ្វើបានស្រេចតែនឹងចិត្តនេះ ឆ្លុះបញ្ចាំងឲ្យឃើញថា អាជ្ញាធរឃុបឃិតជាមួយពួកឈ្មួញដើម្បីផលប្រយោជន៍ពួកគេ ៕
ដោយ៖ សីលា