ភ្នំពេញ៖ ទីបំផុតនៃការប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់ជើងឯកអធិរាជស៊ីម៉ងត៍អូដ្ឋវគ្គ៣ត្រូវបានគណៈកម្មការរៀបចំការប្រកួតរកឃើញ កីឡាករដែលត្រូវឡើងទៅវាយដណ្តើមយកចំណាត់ថ្នាក់លេខ១ និងលេខ២ហើយក្រោយបញ្ចប់វគ្គប្រកួតខ្វែងពូលកាលពីល្ងាចថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៦នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥អារីណា។
កីឡាករ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានប្ញទ្ធិបានវាយឈ្នះកីឡា Tahan Ek ខណៈដែលកីឡាករធី តុងហ៊ី មកពីក្លិបសាលវ័ន្តកីឡា ប្រកួតចាញ់កីឡាករថៃ Super Chhai នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់ជើងឯក «អធិរាជស៊ីម៉ង់ត៍អូដ្ឋ» ទម្ងន់៦៧គីឡូក្រាម ។ ចំពោះ អ៊ុំ ចំរើនវិញ គេវាយឈ្នះកីឡាករ Tahan Ek ដាច់ ក្នុងការប្រកួត៥ទឹកពេញនោះ ដោយចៅក្រម ទាំង៥នាក់ផ្តល់ពិន្ទុឲ្យចំរើនឈ្នះ Tahan Ek ទាំង៥នាក់។ដូច្នេះ អ៊ុំ ចំរើន ត្រូវបានឡើងទៅប្រកួតជាមួយកីឡាថៃឈ្មោះSuper Chhaiនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមតំណែងជើងឯកពានរង្វាន់ «អធិរាជស៊ីម៉ង់ត៍អូដ្ឋ» ទម្ងន់៦៧គីឡូក្រាម ។ រីឯធី តុងហ៊ី ត្រូវជួបជាមួយកីឡាករថៃ Tahan Ekវិញម្តង ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣និងលេខ៤នាពេលខាងមុខ។
នៅថ្ងៃដដែលនោះដែរ លទ្ធផលនៃការប្រកួតគូធម្មតាកីឡាករ ឆាយ មាស មកពីក្លិបសំរោងកោងកីឡា ខេត្តបាត់ដំបង បានប្រកួតចាញ់ ផន ផល្លា មកពីក្លិបតាព្រហ្មមានជ័យដោយពិន្ទុ ។ ចំណែក កីឡាករ ហាក់ ប៉ាន់ធី មកពីក្លិបរ៉ាហាប់ស្វាយប៉ាកបានវាយឈ្នះ យ៉ាម រ៉េត មកពីក្លិបរស្មីកុមារកំព្រាដោយពិន្ទុ៕
ដោយ៖ សារីម