ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន និងជាម្ចាស់ផ្ទះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។

សម្ដេចក្រឡាហោម ស ខេង រួមទាំងរដ្ឋមន្ត្រី និងប្រធានប្រតិភូនៃរដ្ឋសមាជិកអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន បានសម្តែងការកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ កងកម្លាំងអនុវត្តច្បាប់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាំដល់ការសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងដំណើរការស្ដារឡើងវិញសង្គម-សេដ្ឋកិច្ច ព្រមទាំងកិច្ចសហការជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាដែលលេចឡើងថ្មីៗ នៅក្រោយវិបត្តិនៃជំងឺរាតត្បាតជាសកលនេះ ស្របទៅនឹងមូលបទអាស៊ានឆ្នាំ២០២២ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ទន្ទឹមនេះ កិច្ចប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ស្ថាប័ន អនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកនូវបច្ចុប្បន្នភាពអំពីនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែន នៅក្នុងតំបន់ ក្នុងនោះ ក៏បានកត់សម្គាល់ការវិវត្តកើនឡើងនូវបទល្មើសមួយចំនួន ដូចជា៖ អំពើភេរវកម្ម អំពើហិង្សាជ្រុលនិយម ការជួញដូរគ្រឿងញៀន អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស បទល្មើសពាក់ព័ន្ធនឹង បច្ចេកវិទ្យា បទល្មើសជួញដូរសត្វព្រៃ និងឈើខុសច្បាប់ បទល្មើសសម្អាតប្រាក់ និងបទល្មើសសេដ្ឋកិច្ចអន្តរជាតិជាដើម។

សូមបញ្ជាក់ថា ក្នុងស្មារតីបង្កើនការយកចិត្តទុកដាក់ឆ្លើយតបទៅនឹងនិន្នាការនៃបទល្មើសទាំងនេះ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ និងលើកឡើងគំនិតផ្តួចផ្ដើមសំខាន់ៗ ដើម្បីពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ តាមរយៈយន្តការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងបទល្មើស ព្រមទាំង ចែករំលែកបទពិសោធន៍ និងជំនាញបច្ចេកទេស សំដៅលើកកម្ពស់សមត្ថភាពកងកម្លាំងអនុវត្តច្បាប់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការប្រែប្រួលនៃសភាពការណ៍សន្តិសុខក្នុងតំបន់ និងសកលលោក៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print