សម្តេចតេជោ ហ៊ុនសែន : អបអរសាទរខួប២៩ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី ២៩ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២២)។

សម្តេចតេជោថ្លែងបន្តថា, ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។ 

សម្តេចថ្លែងថា, នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ 

នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែល មកដល់ឆ្នាំ២០២២ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុ កាល២៩ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ 

ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ សម្ដេចតេជោ គូសបញ្ជាក់បន្ថែមថា ចំណុចសំខាន់ៗបំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ មានដូចជា « កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស។

រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ 

១)អំណាចនីតិបញ្ញត្តិ 

២)នីតិប្រតិបត្តិ

៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម»៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print