ភ្នំពេញ : នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ស្វ័យភាពសេដ្ឋកិច្ចរបស់ស្ត្រីនៅតំបន់ជនបទ និងវិធីសាស្ត្រ នៃការចរចាប្រើប្រាស់នៅក្នុងក្របខណ្ឌកិច្ចការសភា មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា ។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងលោក លោកស្រីជាថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា ផងដែរ ។
ថ្លែងក្នុងអង្គសិក្ខាសាលា លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា មានកិត្តិយដែលបានសហការរៀបចំសិក្ខាសាលាមួយមានរយៈពេល៣ថ្ងៃ ជាមួយលេខាធិការដ្ឋាន APF និងវិទ្យាស្ថានសភាអាស៊ី លើប្រធានបទពីរ ជាបច្ចុប្បន្នភាពពាក់ព័ន្ធដល់ស្វ័យភាពសេដ្ឋកិច្ចរបស់ស្រ្តីនៅតំបន់ជនបទ និងការចរចា និងសន្ធានកម្មនៅក្នុងក្របខ័ណ្ឌសភា។ ឯកឧត្តមបន្តថាដំណើរការប្រព្រឹត្តទៅ នៃសិក្ខាសាលានេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពសកម្ម និងឆន្ទះសហប្រតិបត្តិការដ៏ល្អប្រពៃក្នុងក្របខ័ណ្ឌ APF ដែលប្រកបដោយថាមពល និងភាពរស់រវើក ដើម្បីចែករំលែកចំណេះដឹង និងការអនុវត្តល្អៗក្នុងរង្វង់APF និងតំបន់ទោះបីបរិបទពិភពលោកស្ថិតក្នុងភាពមិនទៀងទាត់អាស្រ័យដោយសង្រ្គាមជម្លោះភូមិសាស្ត្រនយោបាយគ្រោះភ័យបរិស្ថានបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងគ្រោះភ័យសុខាភិបាលបណ្តាល មកពីការគំរាមគំហែងបន្តនៃជំងឺកូវីដ-១៩ និងមេរោគកាចសាហាវដទៃទៀតមកលើមនុស្សជាតិ ។
លោកបន្ថែមទៀតថា ក្នុងនាមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសូមស្វាគមន៍ដំណើរមកចូលរួមសិក្ខាសាលារបស់ភ្ញៀវកិត្តិយសមកពីAPF និងសភានៃប្រទេសជាមិត្ត ព្រមទាំងមកពីវិទ្យាស្ថានសភាអាស៊ី ជាពិសេសបណ្តាញស្រ្តី APF ដែលនឹងរួមចំណែកផ្តល់ធាតុចូលសំខាន់ៗដល់អង្គសិក្ខាសាលារបស់យើង ឱ្យកាន់តែទទួលបាននូវទស្សនៈគំនិតបទពិសោធន៍ និងអនុសាសន៍ល្អៗជាគុណប្រយោជន៍ដល់ការសិក្សាពិចារណា យកទៅអនុវត្តឱ្យបានសមស្របទៅនឹងលក្ខខណ្ឌនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ដោយឡែករបស់កម្ពុជា ៕
ដោយ : សិលា