បាញ់មេឃ៤គ្រាប់ត្រូវរថយន្តគេ៣គ្រាប់ព្រោះខឹងប្រពន្ធ ទីបំផុតជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចស្រុកអង្គស្នួលបានឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីយកកាំភ្លើងខ្លីបាញ់មេឃចំនួន៤គ្រាប់ បណ្ដាលឱ្យត្រូវរថយន្តអ្នកដំណើរ៣គ្រាប់ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៤ ក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅ ថាច (មានសារធាតុញៀន) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកព័ត៌មានគេហទំព័រសង្គមអភិវឌ្ឍន៍ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
ចំណែកភាគីខាងម្ចាស់រថយន្តមានចំនួន២នាក់៖ ទី១-ឈ្មោះ សួង បូនិច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ម្ចាស់រថយន្តកាមរីបាឡែន) និងទី២-ឈ្មោះ ណាត បូផាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅរោងការ នៅ
ភូមិគម្ពោធស្បូវ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ម្ចាស់រថយន្តហាយឡេនឌ័រ)។
វត្ថុតាងចាប់យកមាន៖ ១-កាំភ្លើងខ្លីម៉ាក G-Lock19 (ឡុក19) (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សំបកកាទូសចំនួន០២ ។
២-បណ្ណព័ត៌មាន គេហទំព័រសង្គមអភិវឌ្ឍន៍០១ និងលិខិតបញ្ជាបេសកកម្ម ០១។ ៣-កាបូបស្ពាយសម្រាប់ដាក់អាវុធ ០១ កូនសោឡានឡិចស៊ីស ០១ និងជ័រសម្រាប់ដាក់គ្រាប់កាំភ្លើងចំនួន០២។ ៤-ម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JE-3621។
ចំពោះផលប៉ះពាល់ខូចខាត: រថយន្ត ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វារមុខខាងស្ដាំ ០១គ្រាប់។
-រថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ឆ្នាំ២០០១ ពាក់ស្លាកលេខភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេងខាងក្រោយ ០១គ្រាប់ និងចំថ្ពាល់មុខខាងឆ្វេង ០១គ្រាប់។
ប្រភពដដែលបន្តថា  នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ផ្នែកជំនាញបានទទួលព័ត៌មានពីប៉ុស្ដិ៍នគរបាលបែកចាន ថាមានមុខសញ្ញាមានឈ្មោះដូចខាងលើ បានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លីមួយដើមបាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួលសហការជាមួយកម្លាំងប៉ុស្ដិ៍បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថា៖ ខ្លួនបានបាញ់ចំនួន ០៤គ្រាប់ ត្រូវរថយន្តគេ០៣គ្រាប់។ មុនពេលមកដល់ស្រុកអង្គស្នួលគឺបានបាញ់នៅភ្នំពេញជាច្រើនគ្រាប់។ មូលហេតុដោយសារតែខ្លួនគេខឹងប្រពន្ធ (បឋម)។ ពេលនេះជំនាញកំពុងបន្តនីតិវិធី៕ ដោយស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print