ភ្នំពេញ : ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖
យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ជម្រុះប្រជ្រុយ និង សាច់ដុះ II កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ LARY WART REMOVER និងផលិតផលផ្សេងៗទៀតគ្មាន លេខបញ្ញិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ញិកាពីក្រសួងសុខាភិបាល។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទៀតនោះក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលឱសថឈ្មោះLARY WART REMOVER ) និងឈប់ប្រើប្រាស់ផលិតផលឱសថគ្មានលេខបញ្ជីកាខាងលើ ជាបន្តទៀត ហើយក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬ លក់ផលិតផលឱសថឈោ្មះ LARY WART REMOVER នេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធ
ទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់រេលិតផលឱសថឈ្មោះ LARY WART REMOVER និងផលិតផលគ្មានលេខបញ្ជីការផ្សេងៗទៀត ទៅតាមច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ
LARY WART REMOVER និងផលិតផលគ្មានលេខបញ្ជីការផ្សេងៗទៀតខាងលើនេះសូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦ ៕
ដោយ : សិលា