ភ្នំពេញ៖ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រសាខាខណ្ឌចំការមន ដែលក្អួតចង្អោរសង្ស័យពុលភេសជ្ជៈ ZenYa មានអការៈកាន់ធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិនិងក្រុមគ្រួសារ ដឹកចេញពីមន្ទីរពេទ្យមេគង្គ ដើម្បីទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ជោរៃ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ។
និស្សិតឈ្មោះអាត់ អាជ្ញា ភេទប្រុស អាយុ១៩ឆ្នាំ បានពុលក្អួតចង្អោរបន្ទាប់ពីញុំាតែ ZenYa កាលពីវេលាម៉ោង១២ និង៣០នាទីម្សិលមិញ ហើយតែ ZenYa ចាក់ចេញមានជាប្រភេទសាប៊ូទើបនៅថ្ងៃ១៩ ខែឧសភា ឆ្នាំ២០១៦ ខាងសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏បានយកភេសជ្ជៈទៅឲ្យខាងជំនាញកាំកុងត្រូលពិនិត្យវាយតម្លៃពីភេសជ្ជៈZenYa ហេតុអ្វីបង្កប់ទៅដោយជាតិទឹកសាប៊ូធ្វើឲ្យប៉ះពាល់អាយុជីវិតអ្នកបរិភោគ ជាក់ស្តែងនិស្សិតមួយរូបកំពុងរងគ្រោះ។
បញ្ហានេះគួរណាស់តែខាងអគ្គនាយកដ្ឋានកាំកុងត្រូលមានវិធានការចាត់ចែងឲ្យមន្ត្រីជំនាញរបស់ខ្លួនពិនិត្យពិសោធន៍រកឲ្យឃើញពីមូលហេតុនៃការពុលបណ្តាលមកពីការញុំាទឹកភេសជ្ជៈ ZenYa ប្រយោជន៍ការពារលើបញ្ហាសុខភាពរបស់ពលរដ្ឋ។
លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម នគរដ្រេហ្គន មិនអាចទាក់ទងបានទេ ប៉ុន្តែលោក ស៊ី ដេត ប្រធានមន្ទីរពិសោធន៍កាំកុងត្រូលបានឲ្យដឹងថា ខ្ញុំមិនទាន់ដឹងថាមានបញ្ហានេះកើតឡើងនោះទេ ឬត្រូវបានយកមកពិនិត្យនៅឡើយទេ។ ប៉ុន្តែខ្ញុំជឿថា អាចកើតឡើងដោយការពុលចំណីអារហារច្រើនជាងពីព្រោះបើទឹកភេសជ្ជៈ ZenYa មានជាតិគិមីពុល ក៏មិនពុលតែម្នាក់នោះឡើយ អាចពុលច្រើនគ្នា។ ដូច្នេះ យើងចាំមើលករណីនេះឲ្យដឹងពិតប្រាកដសិន ជៀសវាងធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។
លោក ស៊ី ដេត បន្តថា ទី១-យើងត្រូវពិនិត្យឲ្យបានច្បាស់ថាតើនិស្សិតរូបនោះនូវមុននេះប៉ុន្មានថ្ងៃ គាត់ញ៉ាំអីខ្លះ? ទី២-ពេលខ្លះកើតឡើងដោយការពុលចំណីអាហារ ដោយសារមួយរយៈនេះបាក់តេរីលូតលាស់ខ្ពស់ បណ្ដាលឲ្យពុលលើចំណីអាហារ បន្លែ ពិសេសម្ហូបការជាដើម។ លោកអះអាងថា ត្រូវតាមដានបន្ត ហើយយកល្អគួតែសួនាំទៅកាន់ខាងមន្ទីរសុខាភិបាល។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីទទួលដំណឹងថា ភេសជ្ជៈ ZenYa មានជាតិទឹកសាប៊ូត្រូវបានខាងសាលាយកឲ្យពិនិត្យ ហើយខាងមន្ទីរតម្រូវឲ្យទៅខាងកាំកុងត្រូលវិញនោះ។
លោក ដាំ ផល អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានប្រាប់នគរដ្រេហ្គនថា ខ្ញុំមិនទាន់ទទួលបានព័ត៌មាននេះ ប៉ុន្តែខ្ញុំនិងឲ្យមន្ត្រីពិនិត្យសួនាំឲ្យបានដឹងដើម្បីការពារទៅលើសុខភាពប្រជាពលរដ្ឋដែលជាអ្នកបរិភោគ។
ករណីនិស្សិតបញ្ញាសាស្ត្រ ក្អួតចង្អោនិងបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ដោយសាញ៉ាំភេសជ្ជៈ ZenYa មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីក្រុមនិស្សិតក៏ដូចជាការចុះផ្សាយនានាទាំងសង្គមហ្វេសប៊ុក គេហទំព័រក្នុងស្រុកជាដើម ក្នុងនោះបានបង្ហាញឲ្យមានការព្រួយបារម្ភយ៉ាងច្រើនទៀតទៅកាន់ប្រជាពលរដ្ឋដើម្បីការពារការទទួលទានភេសជ្ជៈ ZenYa អាចមានគ្រោះថ្នាក់ដូចជានិស្សិតរូបនេះ។
បើទោះជាមានហេតុការនេះបានកើតឡើងក៏ដោយ នគរដ្រេហ្គនមិនអាចទាក់ទងបានទេពីតំណាងក្រុមហ៊ុនភេសជ្ជៈ ZenYa នារសៀលថ្ងែខែដដែលនេះ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា តើនិស្សិតរូបនេះបានពុលបណ្ដាលឲ្យក្អួតចង្អោរដោយសារការញ៉ាំភេសជ្ជៈ ZenYa ឬក៏កើតឡើងដោយចំណីអាហារមានជាតិពុលអ្វីផ្សេង? បើពុំមានការបកស្រាយពីក្រុមហ៊ុនឲ្យបានច្បាស់លាស់ អាចប្រឈមទៅនិងការបាត់បង់អតិថិជននិយមចូលចិត្ត ដោយសារសម័យទំនើបបច្ចុប្បន្នរាល់ព័ត៌មានត្រូវបានគេចែក រំលែកទៅកាន់មនុស្សជាច្រើនឆាប់បានដឹងផងដែរ៕
ដោយ៖ ស សម