លោក ឯម ច័ន្ទមករា ៖ កម្ពុជាសម្រេចបានលទ្ធផលជាច្រើនក្នុងវិស័យពិការភាពបន្ទាប់ពីបានផ្តល់សច្ចាប័នទៅលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ!

ចែករំលែក៖

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ការពិនិត្យសេចក្តីព្រាងរបាយការណ៍បឋមនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ” ថាកម្ពុជាសម្រេចបានលទ្ធផលជាច្រើនក្នុងវិស័យពិការភាពបន្ទាប់ពីបានផ្តល់សច្ចាប័នទៅលើអនុសញ្ញាស្តីពីសិទ្ធិជនពិការតួយ៉ាងដូចជា ការជំរុញអត្រាជនពិការចូលបម្រើការងារ តាមក្រសួងស្ថាប័ន ការផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាល វិជ្ជាជីវៈនិងមុខរបរ ជាពិសេសសម្រាប់ជនពិការគ ថ្លង់ និងជនពិការភ្នែក ក៏ត្រូវបានអភិវឌ្ឍផងដែរដូចជា៖ អក្សស្ទាប ភាសាសញ្ញា ត្រូវបានបង្កើត ឡើងដោយដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ ព័ត៌មានវិទ្យា និងតាមស្ថានីយទូរទស្សន៍នានា ដើម្បីបម្រើឲ្យការផ្តល់ព័ត៌មានជូនជនពិការ។

លោក ឯម ច័ន្ទមករា ក៏បានបន្តទៀតថា បងប្អូនជនពិការ ត្រូវបានផ្ដល់អាទិភាពក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់ សាងសង់ លំនៅឋានធ្វើអាជីវកម្ម កសិកម្មជាលក្ខណៈគ្រួសារ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានផ្ដល់កម្មសិទ្ធិដីធ្លី និងបានកសាងលំនៅឋានជនពិការ តាកែនកោះស្លា តំបន់អភិវឌ្ឍជនពិការ ៣១៧ នៅស្រុកគូលែន ខេត្ត សៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានគូសបញ្ជាក់ទៀតថាកុមារពិការក៏ទទួលបានឱកាសក្នុងការសិក្សាអប់រំនៅតាមសាលា សាធារណៈដោយមិនមានការរើសអើង អគារសិក្សាមួយចំនួនបានរៀបចំឲ្យ មានជម្រាលសម្រាប់សិស្សពិការ ហើយមជ្ឈមណ្ឌលនិងសាលាសម្រាប់កុមារ ពិការភ្នែក និងគ ថ្លង់ ត្រូវទទួលបាននូវតម្រូវការខាងជីវភាពរស់នៅ និងការសិក្សាអប់រំរហូតដល់កម្រិតឧត្តមសិក្សា និងមានជនពិការមួយចំនួនបានក្លាយជាបុគ្គលិកប្រកបដោយសមត្ថភាពទៀតផង។

ថ្លែងក្នុងឱកាសអញ្ជើញជាតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថារាជរដ្ឋាភិបាល បានខិតខំបំពេញកាតព្វកិច្ចក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដោយបានចាត់វិធានការសមស្របដើម្បីឲ្យជនពិការទទួលបានផលពីសេដ្ឋកិច្ចល្អ ចូលរួមក្នុងការងារសង្គម វប្បធម៌ កីឡា និងសាសនា ព្រមទាំងបានផ្តល់ការពិគ្រោះយោបល់យ៉ាងជិតសិ្នទ្ធ ជាមួយជនពិការដែលពាក់ព័ន្ធដើម្បីទទួលបាន សមភាព និងការមិនរើសអើង ក្នុងនោះរួមបញ្ជូលទាំងការជំរុញឲ្យជនពិការចូលរួមក្នុងជីវភាពនយោបាយ និងការបញ្ចេញមតិយោបល់ជាសាធារណៈ សំដៅទទួលបានសិទ្ធិពេញលេញ។

លោក សែម សុខា ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ទី១.ស្នើសិក្ខាកាមទាំងអស់ ពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយនូវគោលការណ៍ ណែនាំស្តីពីឯកសារសន្ធិសញ្ញាជាក់លាក់ដែលត្រូវដាក់ជូនដោយរដ្ឋភាគី ក្រោមមាត្រា៣៥ វាក្យខណ្ឌទី១ នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងរបាយការណ៍បឋមនេះសម្រាប់ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច។ ទី២.អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវធ្វើការពិនិត្យ និងពិគ្រោះយោបល់អោយបានល្អិតល្អន់ ដោយត្រូវគិតគូរអំពីតម្លាភាពនិងសុក្រឹត្យភាព ដោយបង្ហាញពីកត្តាផ្សេងៗ និងការលំបាកនានា ដែលប៉ះពាល់ដល់កម្រិតនៃការបំពេញកាតព្វកិច្ចតាមអនុសញ្ញាសិទ្ធិជនពិការ។ ទី៣.ក្រុមការងារសកម្មភាពជនពិការ នៅតាមក្រសួង ស្ថាប័ន និងក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្នាក់រាជធានី ខេត្ត សូមសហការសម្របសម្រួលផ្តល់របាយការណ៍ និងបន្តដាក់ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ ចូលក្នុងផែនការសកម្មភាពរបស់សាមីក្រសួង និងអនុវត្តផែនការនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

គួរបញ្ចាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ តំណាងអាជ្ញាធររាជធានី ខេត្ត តំណាងអង្គការជនស៊ីវិល និងតំណាងជនពិការ សរុបចំនួន១០០នាក់៕​

image image image

ដោយ​ សុខ​ ខេមរា

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print