ភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចលនាមហាជន គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូបណ្តាញអង្គការមហាជនចិនដើម្បីការផ្លាស់ប្តូរអន្តរជាតិ ដែលដឹកនាំដោយ លោក ស៊ុន ជាចឹង ចូលជួបពិភាក្សាការងារ នៅទីស្នាក់ការគណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។
ជាកិច្ចចាប់ផ្តើមលោកស្រីបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះទស្សនៈកិច្ចរបស់គណប្រតិភូ ហើយបានវាយតម្លៃខ្ពស់ចំពោះទស្សនៈកិច្ចរបស់គណៈប្រតិនេះ ពិតជាបានរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្សរដ្ឋាភិបាលរវាងប្រជាជននៃប្រទេសទាំង ពីរ ជាពិសេស គឺអង្គការមហាជននៃប្រទេសទាំងពីរ។ លោកស្រីក៏បានផ្តាំផ្ញើរនូវការពាំនាំនូវការសួរ សុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាជូនថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនផងដែរ។ លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្រទាំងឡាយរបស់ប្រទេសចិន មកលើប្រទេសកម្ពុជា ជាពិសេស ការវនិយោគរបស់ប្រទេសចិនលើគ្រប់វិស័យមកលើប្រទេសកម្ពុជា ដែលជម្រុញឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងច្រើន អំពីការវិនិយោគរបស់ប្រទេសចិននេះ។ លោកស្រីក៏បានជម្រាបផងដែរអំពីសភាពការនយោបាយ និងសភាពការសេដ្ឋកិច្ចមួយចំនួន ព្រមទាំង ភារកិច្ច និងទិសដៅរបស់អង្គការមហាជនរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
ជាការឆ្លើយតបរបស់ លោក ស៊ុន ជាចឹង បានជម្រាបជូនអំពីគោលដៅសំខាន់របស់ដំណើរទស្សនៈកិច្ចរបស់លោកនៅ ពេលនេះគឺ៖ ទី១ ដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាពរវាងកម្ពុជា និងចិនលើវិស័យអង្គការមហាជន ទី២ គឺចង់ជម្រាបជូនអំពីស្ថានភាពមួយចំនួននៅប្រទេសចិន ទី៣ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងអង្គការមហាជនរបស់ចិន និងគណបក្សប្រជាជនកម្ពុជា ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកទៅលើសភាពការណ៍ជាក់ស្តែង និងការគ្រប់គ្រងអង្គការមហាជននៃគណបក្សរៀងៗខ្លួន។ ឆ្លៀតក្នុងឱកាសនោះលោក ស៊ុន ជាចឹង ក៏បានអញ្ជើញលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចូលរួមកិច្ចប្រជុំ C20 ដែលនឹងរៀបចំនៅខែកក្កដា ឆ្នាំ២០១៦ នាពេលខាងមុខនេះ។ ជាការឆ្លើយតប លោកស្រីនឹងស្នើសុំសម្រេចពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការចូលរួមក្នុងសន្និសិទ្ធ C20 នេះ។
លោកស្រីក៏បានសំណូមពរដល់ភាគីចិន ១. បន្តធ្វើការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់បក្សឲ្យបាន ញឹកញាប់ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានរវាងប្រទេសទាំងពីរ ២. ជម្រុញឲ្យមានការ ផ្លាស់ប្តូរគណៈប្រតិភូអង្គការមហាជនរបស់គណបក្សទាំង។ពីរ ជាពិសេស គណៈប្រតិភូយុវជន ៣. ស្នើភាគីចិន ជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈដល់គណៈចលនាមហាជន៕
ដោយ៖ សីលា