ទោះបីជាការផលិតទឹកដោះគោត្រូវបានពង្រីកក៏ដោយក៏វៀតណាមបន្ដពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតផលទឹកដោះគោដែលនាំចូលនៅចំពេលមានការកើនឡើងនៃតម្រូវការក្នុងស្រុក ។ ដោយយោងទៅ តាមលោក Nguyen Dang Vang ប្រធាន សមាគមចិញ្ចឹមសត្វរបស់វៀតណាមបានឱ្យដឹងថា ផលិតផលទឹកដោះគោវៀតណាម បានកើនឡើងប្រហែលជា២៦,៦ភាគរយក្នុងមួយឆ្នាំ ហើយនឹងមានការកើតឡើងជាបន្តបន្ទាប់។
លោកបានបន្ថែមទៀតថា ផលិតផលទឹកដោះគោនៅក្នុងស្រុកត្រូវបានគេប៉ាន់ស្មានថា មានប្រហែលជា៤.៥៦៤.០០០ តោននៅក្នុងឆ្នាំ២០១៣ដែលបំពេញតម្រូវការបានតែ២៩ភាគរយប៉ុណ្ណោះ ។ ការ ប្រើប្រាស់ទឹកដោះគោក្នុងម្នាក់ត្រូវបានគេប៉ាន់ស្មានថា មាន១៨លីត្រដោយរួមមាន៥,១លីត្រនៃទឹកដោះស្រស់កាលពីឆ្នាំមុន ។
ដើម្បីបំពេញតម្រូវការក្នុងស្រុកនិងពង្រីកការនាំចេញអ្នកផលិតទឹកដោះគោមួយចំនួនបានពង្រីកការវិនិយោគ។ ក្រុម ហ៊ុនផលិតទឹកដោះគោ Vinamilk បានវិនិយោគជាទឹកប្រាក់ចំនួន១១៤,៣លានដុល្លារសហរដ្ឋអាមេរិកចូលទៅក្នុងការបង្កើតនូវរោងចក្រកែច្នៃដោយមានសមត្ថភាពផលិត៤០០លានលីត្រនៅក្នុងខេត្ដ Binh Duong ។
ប្រទេសនេះបានយកចិត្ដទុកដាក់លើកតម្កើងការចិញ្ចឹមសត្វគោយកទឹកដោះបន្ថែម ទៀតដើម្បីបង្កើនការផ្គត់ផ្គង់ទឹកដោះគោ។ ឥឡូវនេះប្រទេសវៀតណាមមានគោចិញ្ចឹមយកទឹកដោះប្រហែលជា២០០.០០០ ក្បាលពោលគឺកើនឡើង៦៧បើធៀបនឹង ឆ្នាំ២០១០ ។ ប្រទេសវៀតណាមរំពឹងថានឹងចំណាយទឹកប្រាក់ចំនួន៣,៦ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងការនាំចូលផលិតផលទឹកដោះគោនេះត្រឹមឆ្នាំ២០៤៥ ៕
ប្រែសម្រួល៖ ម៉ែវ សាធី