កម្លាំងទាហានកងពលជើងទឹកលេខ៧របស់អាមេរិក ដែលមាននាវា៧គ្រឿងព្រមទាំងនាវាផ្ទុកយន្តហោះចូលទៅកាន់កំពុងផែប្រទេសហ្វីលីពីន ដូចការគ្រោងទុក។
កងពលលេខ៧រួមមាននាវាផ្ទុកយន្តហោះJohn C Stennis និងនាវាចម្បាំងបំពាក់កាំជ្រួចមីសីុលការពារ Desron-21 ព្រមទាំងកាំជ្រួចមីសីុល នាំផ្លូវ ផងដែរ និងមានកម្លាំងទាហានជើងទឹកប្រមាណ៨៥០០នាក់។
នេះមិនមានជាលើកទីមួយឡើយដែល កងពលនាវាចម្បាំងអាមេរិកចូលទៅកាន់ប្រទេសហ្វីលីពីន។ កន្លងមកកម្លាំងទាហានជើងទឹកអាមេរិកក៏បានចូលរួមនៅក្នុងការធ្វើសមយុទ្ធជាមួយប្រទេសហ្វីលីពីនដែលមានឈ្មោះថា BASlikatan។
ការចូលទៅកាន់កំពុងផែប្រទេសហ្វីលីពីនបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកមានការប្តេជ្ញាការពារសម្ព័ន្ធមិត្តហ្វីលីពីន គេចផុតពីការគម្រាមកំហែងរបស់ចិន។ ការលូកដៃកាន់តែជ្រៅរបស់អាមេរិកកំពុងតែជម្រុញឲ្យមានការប៉ះទង្គិចគ្នាកើតឡើង រវាងអាមេរិកនិងនិងចិន។
កន្លងមករដ្ឋលេខាធិការក្រសួងការបរទេសចិនបានប្រកាសថាចិនបានត្រៀមលក្ខណះរួចជាស្រេចក្នុងការធ្វើសង្គ្រាមជាមួយអាមេរិកនៅដែនសមុទ្រចិនភាគខាងត្បូង។
រដ្ឋលេខាធិការក្រសួងការបរទេសចិន កាលពីថ្ងៃទី១៩ខែឧសភាបានបញ្ជាក់ថា ចិនបានត្រៀមលក្ខណះធ្វើសង្គ្រាមជាមួយអាមេរិក ដូច្នេះអាមេរិកមិនត្រូវឌឺដងចិននៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយ។
មន្ត្រីខាងលើបានបញ្ជាក់ទៀតថា ជនជាតិចិនមិនចង់ឲ្យមានសង្គ្រាមនោះឡើយ ដូច្នេះយើងចង់ឲ្យអាមេរិក មិនត្រូវមានសកម្មភាពអ្វីនៅសមុទ្រចិនភាគខាងត្បូងឡើយ។
ចិនបានប្រកាសពីដែនអធិបតេយ្យភាពនៅដែនសមុទ្រចិនភាគខាងត្បូង បំពានទៅលើប្រទេសជាច្រើននៅក្នុងតំបន់ ទាំងនោះហើយបានធ្វើឲ្យអាមេរិកបានចូលរួមជាមួយប្រទេសដែលមានវិវាទជាមួយចិន ការពារប្រទេសទាំងនោះ។
ភាពតានតឹងរវាងអាមេរិកនិងចិនកាន់តែកើនឡើងខ្ពស់ក្រោយពេលប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការជ្រៀតជ្រេកបំផ្លាញផលប្រយោជន៍របស់គ្នាទៅវិញទៅមក៕
មែវ សាធី