ខេត្តកណ្តាលៈ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅវត្តព្រះពុទ្ធអណ្តែតហៅព្រែកហូរ ស្ថិតនៅក្នុងសង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាលមានរៀបចំពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប និងសម្ភោធសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្តែត ហៅវត្តព្រែកហូរ សង្កាត់ព្រែកហូរ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកស្រី។ សមាសភាពអញ្ជើញចូលរួមមាន៖ ព្រះសង្ឃ,លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា, គណៈអភិបាលរដ្ឋបាលក្រុងតាខ្មៅ, មន្ត្រីរាជការសាលាក្រុង ចៅសង្កាត់ មេភូមិ, កងកម្លាំង,ប្រជាការពារ, លោកគ្រូ អ្នកគ្រូ យាយជី តាជី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធជិតឆ្ងាយ សរុបប្រមាណជិត ៤០០០ អង្គ/នាក់។
ក្នុងឱកាសនោះ លោកបណ្ឌិតក៏បានផ្តល់អនុសាសន៍ដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងក្រុងខ្មៅទាំងមូល ដូចខាងក្រោម៖
១-សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាចូលរួមគោរពច្បាប់ផ្លូវថ្នល់ និងច្បាប់ចរាចរណ៍ផ្លូវគោក មានសុជីវធម៌ក្នុងការបើកបរ បើកបរចេះយល់យោគអធ្យាស្រ័យគ្នាទៅវិញទៅមក។ ហើយសូមប្រកាន់នូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីគឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
២-សូមបងប្អូនទាំងអស់ កុំលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៣-សូមអំពាវនាវ ដល់បងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នអំពីគ្រោះអគ្គីភ័យ ដែលអាចកើតមានជាយថាហេតុ ពិសេសគឺការប្រុងប្រយ័ត្ន ចំពោះការអុចធូបទៀន កុងតាក់ភ្លើងអគ្គិសនី ជាដើម។
៤-អាជ្ញាធរក្រុង សង្កាត់ និងកងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ការពារប្រជាជនឱ្យខាងតែបាន រួមមានការការពារសុខសុវត្ថិភាព ការបង្ការបទល្មើសផ្សេងៗ។ បន្ថែមពីលើនេះ ត្រូវយកចិត្តទុកដាក់ អន្តរាគមន៍ និងការជួយសង្រ្គោះភ្លាមៗដល់ជនរងគ្រោះ ពិសេសគឺជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរ និងអគ្គីភ័យ៕
ដោយ សុខ ខេមរា