ភ្នំពេញ៖ បុរសជាប្តីបានរងរបួសធ្ងន់ រីឯប្រពន្ធរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូចេញពីផ្ទះ ក៏ត្រូវរថយន្តកុងតឺន័របុក។
ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចច្រកច្រូលក្រុមហ៊ុនស៊ីនទ្រី ភូមិម៉ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-8404 បើកបរក្នុងទិសដៅពីលេចទៅកើត លុះទៅដល់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូ សង់ ស៊េរីឆ្នាំ២០១៤
ពាក់ស្លាកលេខ ភ្នំពេញ 1CH 2833 ជិះឌុបគ្នា២នាក់ប្តីប្រពន្ធ បណ្តាលឲ្យម៉ូតូខ្ទេចតែម្តង ចំណែកជនរងគ្រោះបើកបរម៉ូតូរងរបួសធ្ងន់ រីឯប្រពន្ធរងរបួសស្រាល ត្រូវរថយន្តសង្គ្រោះដឹកយកព្យាបាលផងដែរ ។
ប្រភពបន្តថា ក្នុងករណីនេះ អ្នកបើកបររថយន្តកុងតឺន័រមិនបានរត់គេចខ្លួនឡើយ គឺព្រមទទួលខុសត្រូវចំពោះហេតុការណ៍ដែលបានកើតឡើង ។
នគរបាលចរាចរណ៍ខណ្ឌដង្កោបានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ រួចវាស់វែង និងនាំរថយន្ត និងម៉ូតូទៅរក្សាទុក រង់ចំដោះស្រាយគ្នាតាមក្រោយ ៕
ភារ៉ាដង្កោ