ទីក្រុងពីរគឺទីក្រុង Jableh និងTartous របស់ស៊ីរី កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ទទួលរងការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់បណ្តាលឲ្យមានអ្នកស្លាប់និងរបួសរាប់រយអ្នក។
ព័ត៌មានពីប្រទេសស៊ីរីបានឲ្យដឹងថា មានការវាយប្រហារគ្រាប់បែករហូតដក់ទៅ ៧លើកកាលពីថ្ងៃទី២៣ ខែឧសភាក្នុងទីក្រុងពីរនៅប្រទេសស៊ីរីសម្លាប់មនុស្សសរុប ១០១នាក់។ ក្រុមអិស្លាមបង្កើតរដ្ឋ IS ជាអ្នកបានចេញមុខទទួលខុសត្រូវការវាយប្រហារខាងលើ។ លើសពីនេះទៅទៀតក្រុម IS បានប្រកាសថានឹងបន្តវាយប្រហារទៅលើក្រុមពលរដ្ឋដែលគាំទ្រប្រធានាធបិតីអាលអាសាដ។
អង្គការខ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស ៤៨នាក់ស្លាប់នៅក្នុងវាយប្រហារគ្រាប់បែក៣លើក ក្នុងនោះមានការវាយប្រហារអត្តឃាតពីរលើកស្ថិតនៅក្នុងទីក្រុងកំពុងផែ Tartus ។ ចំណែកនៅទីក្រុង Jableh ស្ថិតនៅក្នុងក្រុង Latkia បណ្តាលឲ្យមានអ្នកស្លាប់ ៥៣នាក់ ក្នុងហេតុការវាយប្រហារ ៤លើកផ្សេងគ្នាក្នុងនោះមានវាយប្រហារអត្តឃាត ៣លើក។ ការវាយប្រហារសំដៅទៅលើទីប្រជុំជនដូចជាស្ថានីយរថភ្លើង មន្ទីពេទ្យជាដើម។
ការវាយប្រហារអត្តឃាតកើតឡើងជាបន្តបន្ទាប់ក្រោយពេលដែលក្រុម IS ចុះខ្សោយបាត់បង់ទីតាំងគ្រប់គ្រងជាច្រើននៅក្នុងប្រទេសស៊ីរីក៏ដូចជាប្រទេសអីរ៉ាក់ផងដែរ។ បច្ចុប្បន្នក្រុម IS បាត់បង់ទឹកដីដែលខ្លួនធ្លាប់គ្រប់គ្រងរហូតដល់៤០ភាគរយជាហេតុធ្វើឲ្យក្រុមនេះបង្កើតការវាយប្រហារទៅលើប្រជាពលរដ្ឋស្លូតត្រង់៕
ប្រែសម្រួល៖ ម៉ែវ សាធី