ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតិក្នុងពិធីសម្ពោធរោងចក្រទឹកដោះគោអង្គរ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រាជធានីភ្នំពេញ ។
លោកស្រីក៏បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបានបង្កលក្ខណៈងាយស្រួល ដោយជម្រុញវិស័យឯកជនឲ្យរីកលូតលាស់ តាមរយៈ ការអនុវត្តយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព។ លោកជំទាវក៏បានកោតសសើរដល់ក្រុមហ៊ុនទឹកដោះគោ វៀតណាម (VINAMILK) ដែលបានសហការជាមួយក្រុមហ៊ុន BPC Trading ដែលបានផ្តល់ទំនុកចិត្ត និង សម្រេចចិត្តវិនិយោគ ដោយបង្កើតរោងចក្រទឹកដោះគោអង្គរ ដែលមានទីតាំងស្តិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសនេះ។ ការបង្កើតរោងចក្រនេះគឺពិតជាអាចរួមចំណែករក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈ ការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការជួយកាត់បន្ថយភាពក្រីក្រ។ លើសពីនេះទៅទៀត វាក៏ជាការរួមចំណែកក្នុងការងារនគរូបនីយកម្ម និងការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងដោយបានកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងផងដែរ៕
ដោយ៖ សុវណ្ណារ៉ា