ឥណ្ឌាជាប្រទេសដែលមានពលរដ្ឋច្រើនលំដាប់ទីពីរនៅលើពិភពលោក កំពុងត្រូវការថាមពលប្រេងយ៉ាងខ្លាំងមកផ្គត់ផ្គង់តម្រូវការប្រើប្រាស់កាន់តែច្រើនឡើង។ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងឥណ្ឌាត្រូវការស្វែងរកប្រភពប្រេងមានតម្លៃថោកមកផ្គត់ផ្គង់ការខ្វះខាតរបស់ខ្លួន។
កត្តាទាំងនោះហើយបានជម្រុញឲ្យ លោកនាយករដ្ឋមន្រ្តីឥណ្ឌាណារ៉េនដ្រា ម៉ូឌីផ្តើមទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងប្រទេសអ៊ីរ៉ង់។ គោលដៅនៃទស្សនកិច្ច គឺដើម្បីបង្កើនការទិញប្រេងពីអ៊ីរ៉ង់ និងបញ្ចប់កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការទំនើបកម្មកំពង់ផៃ ដ៏សំខាន់មួយជាមួយអ៊ីរ៉ង់។ ទាំងនេះមិនភ្លេចនិយាយទេពីសន្តិសុខដែលកំពុងទទួលការគំរាមកំហែងពី ក្រុមភេរវជន។
ការដាក់ជើងជាន់ ទឹកដីអ៊ីរ៉ង់ដែលជាដែនដីមជ្ឈិមបូព៌ារបស់លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារ៉េនដ្រា ម៉ូឌីមកពីតំបន់អាស៊ីពេលនេះមិនមែនជារឿងចៃដន្យទេ ព្រោះវាបានធ្វើឡើង ចំពេលដែលអ៊ីរ៉ង់បានផ្តើមរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ បណ្តើរៗតាមរយៈវត្តមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយសហគមន៍ អន្តរជាតិចុះហត្ថលេខាកាលពីថ្ងៃទី១៤ កក្កដា ២០១៥។ បច្ចុប្បន្ននេះ មានបរិមាណប្រេងក្នុងកម្រិត ៨០% ត្រូវបានឥណ្ឌានាំចូលពីបរទេស ពិសេសពីតំបន់អាស៊ីបូព៌ា ហើយនៅ ២ទសវត្សខាងមុខ តម្រូវការថាលពលអគ្គិសនីក្នុងស្រុកនឹងកើនឡើងទ្វេដង។
តួលេខ ផ្តល់ដោយទីភ្នាក់ងារថាមពលអន្តរជាតិឲ្យដឹងថានៅឆ្នាំ ២០៤០ ឥណ្ឌាដែលពឹងផ្អែកលើប្រេងនាំចូលពីបរទេសនឹងត្រូវបង្កើនការនាំ ចូលដល់ទៅ ៩០% សម្រាប់បំពេញតម្រូវការក្នុងស្រុក។ គឺនៅក្នុងន័យនេះហើយបានជាឥណ្ឌាផ្តើមរឹតចំណង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់ដែលជាប្រទេសជង្រុកប្រេង និងជាជង្រុកឧស្ម័នធម្មជាតិលំដាប់ទី២ ក្នុងលោកបន្ទាប់ពីប្រទេសរុស្ស៊ី។ កម្មវត្ថុរបស់ឥណ្ឌាពេលនេះ គឺបង្កើនការនាំចូលប្រេងពីអ៊ីរ៉ង់ឲ្យបានទ្វេដងនៅឆ្នាំខាងមុខ។
ក្រៅពីសម្លឹងឃើញប្រេងអ៊ីរ៉ង់ លោកប្រមុខរដ្ឋាភិបាលឥណ្ឌាណារ៉េនដ្រា ម៉ូឌីក៏នឹងបញ្ជាក់ប្រាប់សមភាគីអ៊ីរ៉ង់ពីការរួមចំណែករបស់ឥណ្ឌា ក្នុងការធ្វើឲ្យទំនើបនូវកំពង់ផែអ៊ីរ៉ង់មួយក្នុងស្រុក Chabahar ស្ថិតក្បែរព្រំដែននឹងប្រទេសប៉ាគីស្ថាន។ នៅក្នុងគម្រោងនេះ ឥណ្ឌាត្រៀមដាក់ភាគហ៊ុនក្នុងទឹកប្រាក់ ១៣៣លានអឺរ៉ូ ជាថ្នូរនឹងការប្រើប្រាស់កំពង់ផែនោះរយៈពេល ១០ឆ្នាំ។ កំពង់ផែនោះនឹងជួយសម្រួលឲ្យឥណ្ឌាអាចចូលប្រកួតប្រជែងនៅក្នុង ទីផ្សារអ៊ីរ៉ង់ ពិសេសទីផ្សារក្នុងប្រទេសអាហ្វហ្គានីស្ថានដោយផ្ទាល់ ដោយមិនបាច់ឆ្លងកាត់តាមប៉ាគីស្ថានដែលជាគូសត្រូវ។
បន្ទាប់ពីប្រទេសអ៊ីរ៉ង់ លោកណារ៉េនដ្រា ម៉ូឌីនឹងបន្តដំណើរទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន៕
ប្រែសម្រួល៖ ម៉ែវ សាធី