លោក Hesham Abdelhamid ប្រធានទទួលបន្ទុកផ្នែកច្បាប់របស់ក្រសួងអាកាសចរណ៍អេហ្ស៊ីបកាលពីថ្ងៃទី២៤ ខែឧសភា បានច្រានចោលព័ត៌មានថា យន្តហោះដឹកអ្នកដំណើរ MH 804 បានផ្ទុះនៅលើអាកាស។
តាមប្រសាសលោក Hesham Abdelhamid ព័ត៌មានផ្សព្វផ្សាយថា មានការផ្ទុះនៅលើយន្តហោះនោះគឺជារឿងប៉ាន់ស្មានប៉ុណ្ណោះមិនមែនជាការពិតឡើយ ។ នៅមុននេះបន្តិចប្រព័ន្ធផ្សព្វផ្សាយអេហ្សីបបានផ្សាយថា ក្រោយលទ្ធផលស្រាវជ្រាវ ត្រួតពិនិត្យទៅលើសម្ភារដែលរកឃើញនោះបង្ហាញឲ្យឃើញថា យន្តហោះបានផ្ទុះនៅលើអាកាសមុនពេលធ្លាក់ចូលក្នុងសមុទ្រ។
អង្គការស្រាវជ្រាវអំពីគ្រោះថ្នាក់របស់បារាំងមិនបានពិភាក្សាអ្វីអំពីបញ្ហាខាងលើនោះឡើយ ដោយទុកធ្វើការត្រួតពិនិត្យឲ្យបានល្អិតល្អន់មុនពេលប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មាន។
មន្ត្រីអេហ្សីបបានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរជាង ៦០នាក់ខាងលើអាចរងការវាយប្រហារភេរវកម្មច្រើនជាងកំហុសបច្ចេកទេស ។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានភស្តុតាងណាមួយបញ្ចាក់ការពិតនៅឡើយ។
នៅពេលនេះសាច់ញ្ញាត្តិអ្នកដំណើរបានទៅកាន់ប្រទេសអេហ្ស៊ីបដើម្បីផ្តល់ AND ក្នុងការស្វែករកសាច់ញ្ញាត្តិរបស់ខ្លួន។
កន្លងមកការិយាល័យស៊ើបអង្កេត និងវិភាគរបស់បារាំង BEA បានបញ្ជាក់ព័ត៌មានចុះផ្សាយរបស់កាសែតអាមេរិកដែលថា យន្តហោះបានបញ្ជូនសារដោយស្វ័យប្រវត្តិបង្ហាញពីវត្តមានផ្សែងនៅក្នុងយន្តហោះ គឺនៅប៉ុន្មាននាទីមុនយន្តហោះបាត់ពីរ៉ាដា និងធ្លាក់ក្នុងសមុទ្រមេឌីទែរ៉ាណេ។
តាម Wall Street Journal ដែលបានដកស្រង់សំដីរបស់អ្នកធ្វើការនៅក្នុងការស៊ើបអង្កេតសារបញ្ជូនដោយស្វ័យប្រវត្តិរបស់ ACAR បានបង្ហាញថា មានផ្សែងពីបង្គន់ និងពីបន្ទប់ខ្សែភ្លើង ដែលស្ថិតនៅពីក្រោមបន្ទប់អ្នកបើកបរយន្តហោះ។ សារដដែលបង្ហាញថា កំហាប់ផ្សែងបានធ្វើឲ្យលោតសញ្ញាអាសន្ននៅផ្នែកខាងមុខរបស់យន្តហោះ។ សញ្ញាអាសន្នកើតមាននៅតែ ៣នាទីប៉ុណ្ណោះមុនការនិយាយឆ្លើយឆ្លងរវាងអ្នកត្រួតពិនិត្យអាកាសចរណ៍ ក្រិក និងអ្នកបើកបរយន្តហោះ។
តាមអ្នកជំនាញ ភាពមិនប្រក្រតីអាចបំផ្លាញកុំព្យូទ័រដែលគ្រប់គ្រងប្រព័ន្ធហោះហើររបស់យន្តហោះ។ តើនេះអាចជាហេតុផលដែលធ្វើឲ្យអ្នកបើកបរគ្មានពេលបញ្ជូនសារសុំជំនួយ?
សម្រាប់អ្នកនាំពាក្យរបស់ការិយាល័យស៊ើបអង្កេត និងវិភាគរបស់បារាំង ដរាបណាគេនៅមិនទាន់រកឃើញប្រអប់ខ្មៅដែលមានកត់រាល់ទិន្នន័យរបស់យន្តហោះនោះ វានៅឆាប់ណាស់ដើម្បីពន្យល់ និងយល់ពីមូលហេតុពិតប្រាកដ ដែលធ្វើឲ្យយន្តហោះដឹកអ្នកណើរ អេហ្ស៊ីបអ៊ែរ ធ្លាក់កាលពីថ្ងៃព្រហស្បតិ៍។ តាមកាសែតអាមេរិកាំង សារដែលបង្ហាញពីវត្តមានផ្សែងនៅក្នុងយន្តហោះ នៅតែមិនគ្រប់គ្រាន់ ដើម្បីអាចឲ្យគេជឿថា យន្តហោះរងគ្រោះដោយការបំផ្ទុះគ្រាប់បែក។ ទាំងអាជ្ញាធរបារាំង អេហ្ស៊ីបបានអះអាងហើយថា គេមិនបោះចោលសម្មតិកម្មណាទាំងអស់ រួមទាំងការវាយប្រហារបំផ្ទុះគ្រាប់បែករបស់ក្រុមភេរវជនផង៕
ប្រែសម្រួល៖ ម៉ែវ សាធី